(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រជាតិ ដើម្បីគ្រោងនឹងលុបបំបាត់ភាពពិការភ្នែកទាំងស្រុង នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២០។

លោកបានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ដើម្បីបង្ការ និងគ្រប់គ្រងភាពពិការភ្នែក ២០១៦-២០២០ នៅសណ្ឋាគារភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ ទៀតថា ដើម្បីឲ្យការងារនេះ ទៅបានយ៉ាងរលូន យើងនឹងបន្ដខិតខំប្រឹងប្រែង ឲ្យអស់ពីលទ្ធភាពជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាងម៉េចឲ្យកម្មវិធីជាតិសុខភាពភ្នែកនេះ បានទៅដល់ និងខិតជិតផ្ទះប្រជាពលរដ្ឋតែម្ដង ។

ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក របស់ក្រសួងសុខាភិបាល បានលើកឡើងថា ផែនការយុទ្ធសាស្ត្រជាតិនេះ គឺផ្តោតទៅលើការផ្តល់សេវាគ្របដណ្តប់ប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក ដើម្បីអាចឲ្យពួកគាត់មកទទួលសេវានៅគ្រប់ទីតាំងសេវាសុខាភិបាល ដែលមានសេវាភ្នែក ហើយផ្តល់មូលនិធិសមធម៌ និងរបបសន្តិសុខសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងមន្ត្រីរាជការ ។ អភិវឌ្ឍន៍ធនធានមនុស្សបន្ថែម រួមមាន វេជ្ជបណ្ឌិត ចក្ខុគិលានុបដ្ឋាក និងអ្នកវ៉ាស់វែនតា ដើម្បីពង្រាយទៅតាមខេត្តនៅទូទាំងប្រទេស ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ នៅតាមជនបទ។

លោកសាស្ត្រាចារ្យ បន្តថា «យើងត្រូវពង្រឹងសមត្ថភាពបច្ចេកទេស ទាំងផ្តល់សេវា និងការវះកាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យមានភាពប្រដមប្រសងជាមួយប្រទេសជិតខាង ។លើសពីនោះ ពង្រីកអគារនិងសម្ភារៈបរិក្ខារបន្ថែម ដើម្បីឲ្យមន្ត្រីមានលទ្ធភាព ផ្តល់សេវាដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ អភិវឌ្ឍលើប្រព័ន្ធព័ត៌មាន ដោយផ្តោតទៅលើការប្រមូលទិន្នន័យ ទាក់ទិននឹងប្រជាពលរដ្ឋមានបញ្ហាភ្នែក ភ្ជាប់ជាមួយក្រសួងសុខាភិបាល និងថ្នាក់ខេត្ត ដើម្បីរៀបចំជាផែនការ ឬគោលនយោបាយ សម្រាប់អនុវត្តនៅតាមខេត្តនីមួយៗតែម្តង និងគៀងគររកដៃគូផ្សេងៗជាដើម»

លោកសាស្ត្រាចារ្យ ងី ម៉េង ដែលជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតផងនោះ បានបន្ថែមទៀតថា ដើម្បីអនុវត្តយុទ្ធសាស្ត្រនេះ អាចសម្រេចទៅបានលុះត្រាតែមានការចូលរួម ពីភាគីពាក់ព័ន្ធទាំងអស់ ពិសេសអ្នកមានបញ្ហាសុខភាពភ្នែក ត្រូវទៅទទួលសេវាភ្នែកនៅតាមមន្ទីរពេទ្យរដ្ឋ ។បច្ចបុប្បនេះ យើងមានសេវាព្យបាលភ្នែកប្រមាណ២១រាជធានីខេត្ត លើកលែងតែខេត្តប៉ៃលិន ព្រះវិហារ កោះកុង និងខេត្តឧត្តរមានជ័យ ដោយមានគ្រូពេទ្យចក្ខុគិលានុបដ្ឋាក និងអ្នកថែទាំ និងព្យាបាលបឋមមានប្រមាណជិត២ពាន់នាក់ដោយក្នុង១ឆ្នាំៗធ្វើការព្យាបាលចំនួនជិត៣០ម៉ឺននាក់ ក្នុងនោះវះកាត់ ជាង៥ម៉ឺននាក់ មាន ជាង៣ម៉ឺននាក់វះកាត់ជំងឺភ្នែកឡើងបាយ ។

គួរបញ្ជាក់ថា អត្រាពិការភ្នែកនៅកម្ពុជា បានធ្លាក់ចុះ ជាបន្តបន្ទាប់ គឺពី០,៣៨ភាគរយ ក្នុងឆ្នាំ១៩៩៧ មកនៅ០,៣៨ភាគរយ មកដល់បច្ចុប្បន្ននេះ ក្នុងចំណោមនេះ មាន៧០ភាគរយ ពិការដោយសារជំងឺភ្នែកឡើងបាយ៕