(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួស​ស្រាលម្នាក់ និងរបួសធ្ងន់៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង រថយន្តតូច៥គ្រឿង និងរថយន្ដធុនធំ៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង, បត់គ្រោះថ្នាក់, មិនប្រកាន់ស្ដាំ និងកត្តាយានយន្ដ។

សូមបញ្ជាក់ថារយៈពេល០៨ថ្ងៃ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៦១លើក បណ្ដាលឲ្យមនុស្សស្លាប់៣១នាក់ របួសធ្ងន់ចំនួន៤២នាក់ និងរបួសស្រាលចំនួន២៤នាក់៕