(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានលើកឡើងថា ការបោះឆ្នោតឲ្យ «គណបក្សប្រជាជនកម្ពុជា» លេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុននេះ គឺដើម្បីសន្តិភាព វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ នេះបើតាមការចុះផ្សាយលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨។

គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំគ្រប់គ្រងប្រទេសជិត៤០ឆ្នាំមកហើយនោះ បានទទួលលេខរៀងទី២០ នៅក្នុងការចាប់ឆ្នោតជ្រើសរើសលេខរៀង គណបក្សនយោបាយសម្រាប់រៀបចំ ក្នុងបញ្ជីឈ្មោះបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។ ចំពោះលេខរៀងទី២០នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ជាលេខរៀង ងាយចាំ ងាយគិត និងងាយគូស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា៖ «សូមជូនរូបថត១សន្លឹកថតនៅឆ្នាំ ១៩៩៨ នៅពេលដែលយើងបំផ្លាញអាវុធចោល នៅស្តាតអូឡាំពិក ក្រោយពីគ្រប់ភាគីខ្មែរទាំងអស់ សម្រេចជ្រើសរើសយកសន្តិភាព ប្រសើរជាងការបន្តធ្វើសង្រ្គាម ដែលចាប់ពីពេលនោះមក គឺកម្ពុជាយើងមានសន្តិភាពពេញលេញមកទល់សព្វថ្ងៃ»

សម្តេចបានបន្តទៀតថា «សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ គឺរកបានមកដោយលំបាកខ្លាំងណាស់ ដូច្នេះយើងត្រូវចូលរួមថែរក្សាការពារឲ្យខានតែបាន ទោះបីដោយតម្លៃណាក៏ដោយ។ បោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺដើម្បីសន្តិភាព វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល»