(កំពង់ចាម)៖ នាយផ្នែកកិច្ចការប៉ុស្ដិ៍នគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម បានធ្លាក់ខ្លួនឈឺ​ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជំងឺស្ពាតសសៃរឈាមខួរក្បាល និង ស្ពាតសសៃរបេះដូង, នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ចាត់ក្រុមការងារយកអំណោយ និងថវិកាប្រគល់ជូន។

សូមជម្រាបថា ​ក្រោយទទួលព័ត៌មាននេះ លោកស្នងការ និងលោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ ​បានចាត់លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ ដឹកនាំកម្លាំងអធិការដ្ឋាន ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ អ៊ួន លឹមហ៊ាង អត្តលេខ​៤៧០៦៦ នាយផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដែលកំពុងសម្រាកព្យាលបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ បាន​នាំការផ្តាំផ្ញើ​សួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ស្នងការ ក៏ដូចជាលោកអភិបាលស្រុក មកសួរសុខទុក្ខ និង​នាំយកថវិកាមួយចំនួន ជូនដល់លោកអនុសេនីយ៍ទោ អ៊ួន លឹមហ៊ាង ដើម្បីជួយសម្រួលក្នុងការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
ថវិកា​សរុបចំនួន១,៧០០,០០០រៀល និង១០០ដុល្លារ ​ដោយក្នុងនោះមានថវិកា លោកឧត្តមសេនីយ៍ស្នងការ, លោកអភិបាលស្រុក និង​កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ៕