(បន្ទាយមានជ័យ)៖​ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារទាំងថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ និងមូលដ្ឋាន​​បានអញ្ជើញ​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងចំនួន៣ខ្សែ ប្រវែង៣,៤០០ម៉ែត្រ និងការបើកការដ្ឋានស្ថាបនា ស្ពានបេតុង១កន្លែង ប្រវែង១២០ម៉ែត្រ​ ទំហំ១០ម៉ែត្រ ឆ្លងកាត់ស្ទឹងសិរីសោភ័ណ្ឌ​ ក្នុងសង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ​ និងបានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួនជាង៤,០០០នាក់​។

ក្នុងពិធីនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ដ្រី​​​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និង​នាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី, សម្ដេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា,​ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចក្រឡាហោម​ ស​ ខេង​។

ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន​ បានថ្លែងថា​ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន​ សែន​ ប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍​កសាងបាននូវ ផ្លូវ​ ថ្នល់​ ស្ពាន​ សាលារៀន​ និងហេដ្ឋារចនាសម្ព័ន្ធសង្គម ហើយសមិទ្ធផលទាំងអស់នេះ អាចលូតលាស់បានតែក្នុងប្រទេស មានសុខសន្តិភាពទេ​ គឺមិនអាចលូតលាស់ក្នុង ភ្នក់ភ្លើងសង្រ្គាមនោះឡើយ។

លោក កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋមហាគ្រួសារ អ្នកបន្ទាយមានជ័យទាំងអស់ ដែលបានរួមគ្នាថែរក្សា​​សន្តិភាព និងសូមបន្តថែរក្សានូវសន្តិភាពនេះ ឲ្យបានគង់វង្សព្រោះថា បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះឡើយ​ និងសូមត្រៀមឯកសារទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន​ សែន​ ជាប្រមុខដឹកនាំឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨​ ដើម្បីបន្តដំណើរអភិវឌ្ឍន៍មូលដ្ឋាន​ជាបន្តទៀត។

ជាមួយវប្បធម៍ចែករំលែក និងជាការគិតគូរពីសុខទុក្ខពីសំណាក់ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាននាំយកថវិកា​ និងអំណោយផ្ដល់ជូនរួមមាន៖ ប្រជាពលរដ្ឋចំនួន៤,០០០នាក់​ ម្នាកៗទទួលបានសារ៉ុង១, មនុស្ស​ចាស់អាយុចាប់ពី៧០ឡើង ចំនួន២០៤នាក់ម្នាក់​ៗ ទទួលបានថវិកា២០,០០០រៀល​ សារ៉ុង១​ អំបិល​អ៊ីយ៉ូត​ ទឹកដោះគោ​ បំពង់ទឹកក្តៅ​ តែ​ ក្រម៉ា​ មី​ ពិល​ ប្រេងខ្យល់​ ប្រេងកូឡា​ កៅអៀក​, ជូនថវិកាសង្កាត់អូរអំបិល​​១លានរៀល, ជូនគណក​ម្មការហា​ គឹមទួន​ ភូមិរោងម៉ាស៊ីន៣,៥០០ដុល្លារ​ សម្រាប់ទិញដីចាក់ទីបញ្ចុះសពសាសនិកឥស្លាម, ជូនសាលាបឋមសិក្សាព្រហ៊ូត នូវអាគារសិក្សា១ខ្នង ៥បន្ទប់, ជូនសាលាបឋមសិក្សាគាបនូវអាគារសិក្សា១ខ្នង ៥បន្ទប់ និងធ្វើផ្លូវក្រាលក្រួសក្រហម និងចាក់ថ្មមិក ដល់សង្កាត់ទាំង៧ ក្នុងក្រុងសិរីសោភ័ណ្ឌ ប្រវែងប្រមាណ៨០គីឡូម៉ែត្រ៕