(ភ្នំពេញ)៖ លោក អ៉ិត សំហេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌចំការមន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសសមាជិកបក្សប្រជាជនកម្ពុជា ត្រូវក្ដាប់ឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលកម្ពុជាកំពុងមាន នាពេលបច្ចុប្បន្ន ពីព្រោះកត្តាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមទាំងនេះ បាននិងកំពុងអំណោយផល ដល់ការរៀបចំការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ។

ការលើកឡើងបែបនេះរបស់លោក អ៉ិត សំហេង ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជាជាង ៣០០០នាក់ មកពីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ។

លោក អ៉ិត សំហេង បានថ្លែងយ៉ាងដូច្នេះថា «បើយើងពិនិត្យលើសភាពការណ៍ មុនពេលបោះឆ្នោត ឆ្នាំ២០១៨ គឺពិតជាមានភាពល្អប្រសើរ....សន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ ពិតជាមានភាពអំណោយផលបំផុត សម្រាប់ការបោះឆ្នោត»

លោកបានលើកឡើងប្រាប់ សមាជិកបក្សអំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបានក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ការខិតខំទាក់ទាញការវិនិយោគពីបរទេស បង្កើតឱកាសការងារជូនប្រជាពលរដ្ឋយ៉ាងច្រើនសម្បូរបែប ក្នុងនោះអាត្រាមានការងារធ្វើនៅកម្ពុជាមានរហូតដល់ទៅជាង ៩៩%។ រីឯការនាំចេញផលិតផលនានាទៅលក់នៅទីផ្សារក្រៅប្រទេស ក៏កាន់តែត្រូវបានបង្កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

លោកបានបន្តថា រាជរដ្ឋាភិបាលបានធ្វើឱ្យជីវភាពប្រជាពលរដ្ឋ កម្មករ មន្ត្រីរាជការមានភាពធូរធា ប្រាក់ឈ្នួលកម្មករ និងប្រាក់ខែមន្ត្រីរាជការមានការកើនឡើង។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានផ្ដល់នូវរបបសន្តិសុខសង្គម សេវាសុខាភិបាល និងការទំនុកបម្រុងជាច្រើនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ។

មួយវិញទៀត វិស័យអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បាននិងកំពុងពង្រីកការអភិវឌ្ឍដល់មូលដ្ឋានប្រជាជនពលរដ្ឋ ក្នុងនោះអនុវិទ្យាល័យត្រូវបានបង្កើតឡើងនៅគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេស ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ត្រូវបានពង្រីកដល់ខេត្តជាច្រើនផងដែរ។

លើសពីនេះ លោក អ៉ិត សំហេង ក៏បានដាស់តឿនដល់សមាជិកបក្សក្នុងសង្កាត់ទន្លេបាសាក់ ត្រូវតែពង្រឹងការអនុវត្តការងារទាំងឡាយ ដែលថ្នាក់ដឹកនាំបក្សដាក់ឱ្យអនុវត្ត ដើម្បីបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា សំដៅសម្រេចឱ្យបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខ៕