(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកវេជ្ជបណ្ឌិត អាន សាយ ជា ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រួមនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត៥០នាក់ បានបន្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រដ្ឋមន្ត្រី វង សូត ចុះទៅពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅវត្តអំពុក ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត រដ្ឋមន្ត្រី វង សូត នាថ្ងៃដដែលនេះ បានចុះទៅពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋជិត១០០០នាក់ ដោយឥតគិតថ្លៃ នៅនៅវត្តអំពុក ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ ក្នុងការព្យាបាលជំងឺគ្រប់មុខ។

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានលើកឡើងថា ការចុះប្រតិបត្តិការលើកនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ហើយសកម្មភាពនេះ ក៏បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការសម្រាកដល់ទុក្ខលំបាកមួយផ្នែក របស់ប្រជាពលរដ្ឋក្រីក្រ នៅតាមទីជនបទ។

ជាមួយគ្នានោះ លោក ជា ចំណានអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានចូលរួមឧបត្ថម្ភឳសថគ្រប់ប្រភេទ ដែលត្រូវចំណាយ នៅក្នុងការព្យាបាលប្រជាពលរដ្ឋទាំង១ពាន់នាក់ ដោយឥតគិតថ្លៃ នៅវត្តអំពុក ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ។

គិតមកដល់ពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រដ្ឋមន្ត្រី វង សូត បានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន២ទីតាំងរួចមកហើយ រួមមាននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជួយដល់ប្រជាពលរដ្ឋជាង៦០០នាក់ ដោយឥតគិតថ្លៃ និង នៅវត្តកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជួយដល់ប្រជាពលរដ្ឋជាង៧០០នាក់ និងជាក់ស្តែងនៅថ្ងៃនេះ គឺនៅវត្តអំពុក ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជួយដល់ប្រជាពលរដ្ឋជិត១០០០នាក់ និងនៅមានតាមបណ្តាភូមិ ស្រុក នៅក្នុងខេត្តត្បូងឃ្មុំជាបន្តបន្ទាប់ទៀតផងដែរ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានចេញសម្រេចមួយ ស្តីពីការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តរដ្ឋមន្ត្រី វង សូត​ ដែលមានសមាសភាពកើនរហូតដល់៥០រូបហើយ ក្នុងការចុះពិនិត្យព្យាបាលជំងឺ ដោយស្ម័គ្រចិត្តតាមសហគមន៍នានា ពិសេសក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចនៃស្រុកកំចាយមារ ខេត្តព្រៃវែង។

យោងតាមសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស័គ្រ្មចិត្តនេះ មានភារកិច្ច ចុះពិនិត្យព្យាបាលជំងឺ ដោយស្ម័គ្រចិត្តតាមសហគមន៍នានា ពិសេសក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចនៃស្រុកកំចាយមារ ខេត្តព្រៃវែង ,អប់រំផ្សព្វផ្សាយ ពាក់ព័ន្ធនិងសុខភាព អនាម័យក្នុងសហគមន៍,​ រិះគន់មធ្យោបាយ និងរៀបចំផែនការ សកម្មភាពការងារ ចុះតាមឃុំនានា ចំណុះស្រុកពញាក្រែក និងឃុំជាច ខេត្តព្រៃវែង, សម្របសម្រួល សហការជាមួយគ្រប់ អង្គភាព ស្ថាប័នបក្ស និងរដ្ឋ ដើម្បីបំពេញការងារ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្រៅពីនោះ ក៏នៅមានតួនាទីសំខាន់ៗមួយចំនួនទៀត៕