​(​ឧត្តរមានជ័យ)៖ លោក គន់​ គីម​ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​​ចុះជួយខេត្តឧត្តរមានជ័យ​ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ បាន​ជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋបីភូមិ​មកពីឃុំ​អន្លង់វែង​ ស្រុក​អន្លង់វែង​ ដើម្បីទទូលយកសំណូមពរនូវបញ្ហាផ្សេងរបស់ប្រជាពលរដ្ឋ។

បន្ទាប់​ពី​ស្តាប់សំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋ​ លោក ​​គន់​ គីម​ បានឲ្យក្រុមការងារគណបក្សប្រជាជននៅមូលដ្ឋាន និងអាជ្ញាធរភូមិឃុំ​ ត្រូវចុះទៅពិនិត្យជាក់ស្តែង​ និងលើកវិធានការដោះស្រាយភ្លាមៗ ហើយក្នុងករណីហួសសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍មក​លើសុំការដោះស្រាយពីថ្នាក់លើតាមលទ្ធភាពជាក់ស្តែង​។

ជាមួយគ្នា​នេះ​ លោកប្រធានក្រុមការងារ ក៏បានថ្លែងអំ​​ណរគុណ​ចំពោះប្រជាពលរដ្ឋ ដែលតែងតែចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជន​ក្នុងរយៈ​កាលកន្លងមក​ និងសូមឲ្យ​បន្តបោះឆ្នោតជូនគណបក្សប្រជាជនជាបន្តទៀត​​។

ដោយឡែក​ចំពោះតម្លៃអគ្គិសនី ដែលប្រជាពលរដ្ឋសំណូមពរតាមរយៈរូបលោកនោះ ​ត្រូវបានសម្តេចតេជោ ហ៊ុន សែន​ បញ្ជាឲ្យអគ្គិសនីកម្ពុជា​ សម្របសម្រួលជាមួយក្រមហ៊ុនឯកជន​ ឲ្យយកតាមតម្លៃរដ្ឋ ចាប់ពីខែកក្កដាខាងមុខនេះ​ ដោយ​រដ្ឋជាអ្នកបង់ថ្លៃលម្អៀង​ជូន​ ហើយបញ្ហានេះធ្វើឲ្យពួកគាត់​រីករាយជាខ្លាំង​៕