(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ បាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ជាស្រី្តមេម៉ាយ​ចំនួន​១៦០​គ្រួសារ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប​។

ក្នុងឱកាសនោះ លោកស្រីប្រធានសមាគមខេត្ត បានថ្លែងថា ជានិច្ចជាកាលសមាគមតែងតែគិតគូរ ពីបញ្ហាលំបាកស្មុគស្មាញ ទីទ័លក្ររបស់បងប្អូនទាំងអស់ ហើយតែងតែខិតខំកៀ​គរ ការបរិច្ចាគកម្លាំងកាយចិត្ត សម្ភារ ថវិកានានា​ដើម្បីជួយដោះស្រាយបញ្ហាជូនបងប្អូនជាបន្តបន្ទាប់​។

ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃ​កម្ពុជា បានប្រែក្លាយ​ប្រទេសកម្ពុជា​មួយដែល​ពោរពេញ ទៅដោយសង្គ្រាមវិនាសកម្ម​ទុក្ខ​វេទនា ការព្រាត់ប្រាស់ ការឈឺចាប់ និង​ឯកោ​លើឆាកអន្តរជាតិ ឲ្យក្លាយ​ទៅជាប្រទេសមួយ​ដែលមានសន្តិភាព ស្ថិរភាព ប្រជាជនមានជីវភាពកាន់តែធូរធារ មានការរីកចម្រើនគ្រប់វិស័យ និងមាន​ការទទួលស្គាល់​ពីសហគមន៍អន្តរជាតិទៀតផង។

ជាមួយគ្នានោះ លោកស្រី បានក្រើនរំលឹកដល់​ប្រជាពលរដ្ឋទាំងអស់​ថា ដើម្បីរក្សាភាពសុខសាន្ត រុងរឿង​ ដូចនេះ​ត្រូវរួមគ្នារក្សា​ឲ្យបាននូវសន្តិភាព ដើម្បីបន្តអភិវឌ្ឍន៍ប្រទេស​បន្តទៀត កុំឲ្យជឿការញុះញង់របស់ក្រុមមនុស្សមួយចំនួនតូច ដែលមានគោលបំណងបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនៅ​កម្ពុជា​។ លោកស្រី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ​សូមអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ​ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំ ដែលមានសមត្ថភាព ក្នុងការអភិវឌ្ឍប្រទេសជាតិ​។

អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ ទាំង​១៦០​គ្រួសារនោះ ដោយក្នុងមួយគ្រួសារទទួលបាន​៖ អង្ករ​២៥​គីឡូក្រាម, មី​១​កេះ, ទឹកស៊ីអ៊ីវ​កន្លះ​កេះ, ទឹកត្រី​កន្លះ​កេះ, ប៊ីចេង​, ស្ករសរ, ថ្នាំដុសធ្មេញ, ច្រាសដុសធ្មេញ, សាប៊ូក្រអូប និងថវិកា​២​ម៉ឺនរៀល​ផងដែរ៕