(ភ្នំពេញ)៖ ដៃគូចែកចាយបន្តដ៏ឆ្នើម ចំនួន២០នាក់ របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ត្រូវបានឈ្នះដំណើរកំសាន្តដ៏អស្ចារ្យ ទៅទស្សនាកន្លែងល្បីល្បាញលើពិភពលោក គឺទីក្រុងឌូបៃ រយៈពេល៥យប់ និង៦ថ្ងៃ។

មូលហេតុដែលក្រុមហ៊ុន រៀបចំកម្មវិធីនាំដៃគូឆ្នើម ទៅកម្សាន្តនៅទីក្រុងឌូបៃ ក្នុងគោលបំណង ដើម្បីអរគុណពួកគាត់ ដែលតែងតែជឿជាក់លើផលិតផលរបស់ក្រុមហ៊ុន ហើយព្យាយាមជួយជ្រោមជ្រែង វាយដណ្តើមទីផ្សារឲ្យស្រាបៀរកម្ពុជា និងផលិតផលភេសជ្ជៈផ្សេងៗ របស់ក្រុមហ៊ុន ឲ្យទទួលបានជោគជ័យ និងការគាំទ្រពីអតិថិជនក្នុងស្រុកទូទាំងប្រទេស។ ម្យ៉ាងទៀត ដំណើរកម្សាន្តនេះ គឺលើកទឹកចិត្តដៃគូឆ្នើម ឲ្យខិតខំប្រឹងបន្តទៀតនៅឆ្នាំក្រោយ ដើម្បីជោគជ័យទាំងអស់គ្នា និងដើម្បីបង្កើតអនុស្សាវរីយល្អៗជាមួយគ្នា។

មុនចេញដំណើរទៅកម្សាន្តទីក្រុងឌូបៃ ជាមួយដៃគូឆ្នើមប្រចាំឆ្នាំ លោកអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីស លាង ឃុន បានមានមតិសំណេះសំណាលថា «តាំងនាមឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ខ្ញុំមានសេចក្តីរីករាយណាស់ ដែលមានឱកាសជួបជុំជាមួយដៃគូឆ្នើមរបស់យើង ក្នុងឆ្នាំ២០១៨នេះ ដើម្បីរួមដំណើរកម្សាន្តទៅកាន់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមនាថ្ងៃនេះ»

លោកបន្តថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស តែងតែរៀបចំដំណើរកម្សាន្ត ទៅកាន់គោលដៅល្បីៗនៅលើពិភព លោកសម្រាប់អតិថិជន។ ហើយឆ្នាំនេះដំណើរកម្សាន្តដំបូង គឺទៅកាន់ទីក្រុងឌូបៃ ដែលជាទីក្រុងដ៏ទំនើបមួយ ដែលអ្នកទេសចរនៅជុំវិញពិភពលោក តែងតែចង់ទៅទស្សនា។ ក្រៅពីដំណើរកម្សាន្តនេះ ក្រុមហ៊ុនក៏នឹងរៀបចំដំណើរកម្សាន្តទៅកាន់ប្រទេស និងទីក្រុងធំៗក្នុងអាស៊ីជាច្រើនទៀតដូចជា ប្រទេសកូរ៉េ ទីក្រុងហុងកុង សម្រាប់អតិថិជនផ្សេងៗទៀតផងដេរ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ទៀតថា បានជាក្រុមហ៊ុនសម្រេចជ្រើសរើសទីក្រុងឌូបៃ ជាគោលដៅកំសាន្តសម្រាប់ឆ្នាំនេះ ដោយសារទីក្រុងនេះជាទីក្រុងមួយដ៏ប្រណីត ស៊ីវីល័យ និងកំពុងល្បីឈ្មោះទាំងក្នុងប្រទេសកម្ពុជា និងពិភពលោក។ លោកបន្តថា ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស តែងផ្តល់ជូនអតិថិជននូវអ្វីដែលល្អជាងគេ ស៊ីវិល័យជាងគេ ទំនើបជាងគេ និងធ្វើអ្វីឲ្យបានមុនគេ ដូច្នេះបានជាសម្រេចនាំដៃគូឆ្នើម ទៅទីក្រុងដ៏ល្បីឈ្មោះមួយនេះ។

លោកអគ្គនាយកក្រុមហ៊ុនរូបនេះ បានបន្ថែមទៀតថា ទីក្រុងឌូបៃ ក៏ជាទីក្រុងពាណិជ្ជកម្មដ៏ធំ និងសំខាន់នៃតំបន់មជ្ឍឹមបូព៌ា ដូច្ចេះការរៀបចំដំណើរ កម្សាន្តនេះសម្រាប់ដៃគូឆ្នើម ដែលសុទ្ធសឹងតែជាពាណិជ្ជករ អាចមានឱកាស បានឃើញពីការអភិវឌ្ឍពាណិជ្ជកម្មក្នុងទីក្រុងដ៏សំខាន់នេះ ហើយសង្ឃឹមថា អាចរៀនសូត្រ ពីបទពិសោធន៍ល្អនៅឌូបៃផងដែរ។

សូមជម្រាបថា ដៃគូចែកចាយបន្ត របស់ក្រុមហ៊ុនដែលអាចចូលរួមដំណើរកម្សាន្តទៅទីក្រុងឌូបៃនេះ ត្រូវបំពេញលក្ខខណ្ឌងាយស្រួល ដោយគ្រាន់តែលក់ស្រាបៀរកម្ពុជា និងផលិតផលផ្សេងៗរបស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ទៅតាមគោលដៅដែលក្រុមហ៊ុន បានកំណត់ឲ្យតែប៉ុណ្ណោះ។

ដំណើរកម្សាន្តនេះ ពិសេសត្រង់ថា បើពួកគាត់ទិញកញ្ចប់ដំណើរកម្សាន្តទៅទីក្រុងដូបៃ ដោយខ្លូនឯង អ្នកទាំងនោះនឹងមិនបានទៅគោលដៅជាច្រើនដូចដែល ក្រុមហ៊ុនបានរៀបចំក្នុងកញ្ចប់ដំណើរកម្សាន្តដែលបានរៀបចំជាពិសេសនេះនោះទេ។ ក្រុមហ៊ុនបានជ្រើសរើសសុទ្ធសឹងតែជាគោលដៅពិសេសៗ ក្នុងទីក្រុងឌូបៃសម្រាប់ដំណើរកម្សាន្តនេះ ក៏នឹងរៀបចំកម្មវិធីអាហារពេលល្ងាចដ៏ពិសេសសម្រាប់ពួកគាត់ នៅទីក្រុងឌូបៃផងដែរ។

ជាចុងក្រោយនេះ អគ្គនាយក លាង ឃុន ក៏បានថ្លែងអំណរគុណដៃគូឆ្នើមរបស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ដែលតែងតែជួយជ្រោមជ្រែងធ្វើយ៉ាងណា ឲ្យផលិតផលរបស់ក្រុមហ៊ុន អាចប្រកួតប្រជែងនៅលើទីផ្សារ និងទទួលបានជោគជ័យដូចបច្ចុប្បន្ន ហើយបានផ្តល់កិត្តិយសចូលរួមដំណើរកម្សាន្ត ដ៏រីករាយនេះ។ លោកសង្ឃឹមថា ដំណើរកម្សាន្តនេះ នឹងផ្តល់ភាពរីករាយ និងបង្កើនអនុស្សាវរីយ៍ល្អៗបន្ថែមទៀត សម្រាប់ដៃគូឆ្នើមទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុនផងដែរ៕