(រតនគិរី)៖ អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែររួបរួមជាតិ សរុប១២៤នាក់ សម្រេចចិត្តចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ហើយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨​នេះ លោក ថង​ សាវុន ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី បានប្រកាសទទួលស្គាល់ជាផ្លូវការ។

ថ្លែងក្នុងឱកាសនោះ លោក ថង សាវុន ស្វាគមន៍ចំពោះការរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ការចូលរួមនេះ គឺជាការគិតដ៏ត្រឹមត្រូវរបស់បងប្អូនទាំងអស់​។

លោកប្រធានគណបក្សខេត្ត បន្តថា ប្រជាពលរដ្ឋទាំងអស់សុទ្ធតែធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ និងស្ថានភាពប្ចុចប្បន្ន គឺបានដឹងហើយថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមរស់ជាមួយ​ ទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយគណបក្សប្រជាជនកម្ពុជា បានរំដោះជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ​។

​បន្ថែមពីនេះ លោកក៏បានអំពាវនាវប្រជាពលរដ្ឋកុំជឿតាមការញុះញង់ មិនឲ្យចេញទៅបោះឆ្នោត ដែលយកវេទិការនេះ សម្រាប់រារាំងការអភិវឌ្ឍ និងដាក់សម្ពាធលើរដ្ឋាភិបាល និងសូមអំពាវនាវបងប្អូនទាំងអស់ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ទាំងអស់គ្នានាថ្ងៃទី២៩ ខែកក្កដា​ខាងមុខនេះ​។

តាមរយៈនៃការប្រកាសទទួលស្គាល់នេះ សមាជិកទាំងអស់​បានប្តេជ្ញាចិត្ត ដើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់បក្សប្រជាជនកម្ពុជា គោរពតាមគោលនយោបាយបក្ស និងបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦នេះ៕