(ភ្នំពេញ)៖ សប្តាហ៍កន្លងមក កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិបានលើកយកប្រធានបទ ស្តីពី “បណ្តឹងរដ្ឋប្បវេណី” មកធ្វើការបកស្រាយសម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់សូមលើកយកប្រធានបទស្តីពី «បណ្តឹងអាជ្ញា» មកធ្វើការឆ្លុះបញ្ចាំងជូនបងប្អូនប្រជាពលរដ្ឋវិញម្តង។

ជាធម្មតានៅក្នុងសង្គមមួយ បើទោះបីជាមានសុខសន្តិភាពពេញលេញ និងសន្តិសុខសង្គមល្អ ប៉ុន្តែ សកម្មភាពអសកម្ម និងអវិជ្ជមានមួយចំនួននៅតែអាចកើតមាន តាមរយៈទង្វើរបស់បុគ្គល ឬ ក្រុមបុគ្គលមួយចំនួន ដែលបង្កឲ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។ នៅពេលហេតុការណ៍អាក្រក់ខាងលើ កើតឡើង រដ្ឋត្រូវមានតួនាទីក្នុងការការពារ និងធានានូវសណ្តាប់ធ្នាប់សាធារណៈ តាមរយៈការចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល និងក្រុមបុគ្គលដែលបានប្រព្រឹត្តនូវអំពើទាំងនោះ ។ អំពើដែលបង្កឲ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងប្រយោជន៍ទូទៅរបស់សង្គម ហើយត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌ បុគ្គលដែលប្រព្រឹត្តនឹងត្រូវផ្តន្ទាទោសតាមច្បាប់ តាមរយៈដំណើរការនៃបណ្តឹងអាជ្ញា ។

តើបណ្តឹងអាជ្ញាជាអ្វី? ហើយនរណាដែលមានសិទ្ធិធ្វើ និងចាប់ផ្តើមបណ្តឹងអាជ្ញា?

បណ្តឹងអាជ្ញា ឬជាទូទៅត្រូវបានហៅថា «បណ្តឹងព្រហ្មទណ្ឌ» មានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើស បង្ហាញឲ្យឃើញពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជនដែលបាន ប្រព្រឹត្តិបទល្មើសតាមកំណត់ច្បាប់។ បណ្តឹងអាជ្ញាត្រូវអនុវត្តលើបុគ្គលគ្រប់រូប ទាំងរូបវន្តបុគ្គល ទាំងនីតិបុគ្គល ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ យោងតាមមាត្រា១៣១ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិថា «មានតែអង្គការអយ្យការទេដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា» ដូច្នេះការធ្វើបណ្តឹងអាជ្ញាគឺជាសិទ្ធិផ្តាច់មុខរបស់ស្ថាប័នអយ្យការ ហើយបណ្តឹងអាជ្ញានឹងត្រូវចាប់ផ្តើមដំណើរការ ដោយការចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយដោយអយ្យការ និងសុំឲ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ។

ថ្វីត្បិតតែ បណ្តឹងអាជ្ញាត្រូវធ្វើឡើងដោយស្ថាប័នអយ្យការ ដើម្បីធានានូវសណ្តាប់ធ្នាប់សាធារណៈ និងប្រយោជន៍ទូទៅរបស់សង្គម ប៉ុន្តែបុគ្គលដែលទទួលរងគ្រោះដោយផ្ទាល់ ឬ ភាគីពាក់ព័ន្ធនឹងហេតុការណ៍ដែលត្រូវបានកំណត់ក្នុងបណ្តឹងអាជ្ញានោះ មានសិទ្ធិប្តឹងទាមទារសំណងរដ្ឋប្បវេណី ដែលត្រូវបានកំណត់ថា ជាប្រភេទបណ្តឹងរដ្ឋប្បវេណីក្នុងនីតិវិធីព្រហ្មទណ្ឌ ដែលបណ្តឹងរដ្ឋប្បវេណីនេះ មានគោលបំណងឲ្យភាគីរងគ្រោះបានទទួលសំណងជម្ងឺចិត្តធួនល្មមនឹងព្យសនកម្មដែលខ្លួនទទួលរង ។
តើបណ្តឹងអាជ្ញានឹងត្រូវរលត់ដោយសារកត្តាអ្វីខ្លះ?

ប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅមានការយល់ច្រឡំថា បណ្តឹងអាជ្ញានឹងត្រូវបញ្ចប់ ឬរលត់នៅពេលដែលជនដែលត្រូវបានសន្មត់ថា បានប្រព្រឹត្តបទល្មើសសងសំណងជម្ងឺចិត្ត ដល់ភាគីរងគ្រោះ ហើយភាគីរងគ្រោះបានដកពាក្យបណ្តឹង (បណ្តឹងរដ្ឋប្បវេណី)។ តាមគោលការណ៍ច្បាប់ បើទោះបីជាសំណងជម្ងឺចិត្តត្រូវបានផ្តល់ជូនភាគីរងគ្រោះហើយក៏ដោយ និងមានការសម្របសម្រួលដកពាក្យបណ្តឹងពីសំណាក់ភាគីរងគ្រោះ ក៏បណ្តឹងអាជ្ញាមិនរលត់ឡើយ។ ការដកបណ្តឹងរដ្ឋប្បវេណីរបស់ភាគីរងគ្រោះ គ្រាន់តែជាការបញ្ចប់នូវការទាមទារ ផ្នែកសំណងរដ្ឋប្បវេណីរបស់ភាគីរងគ្រោះតែប៉ុណ្ណោះ គឺមិនមែនជាកត្តាដែលអាចនាំឲ្យបណ្តឹងអាជ្ញាត្រូវរលត់ទេ។ យោងតាមមាត្រា៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការរលត់បណ្តឹងអាជ្ញា មានមូលហេតុដូចខាងក្រោម៖

១៖ មរណភាពនៃជនល្មើស
កាលណាជនល្មើស ជនសង្ស័យ ជនត្រូវចោទ ឬ ជនជាប់ចោទ ដែលកំពុងស្ថិតក្នុងបណ្តឹងអាជ្ញាមួយ ហើយជននោះបានទទួលមរណៈភាព នឹងនាំឲ្យបណ្តឹងអាជ្ញាដែលកំពុងតែមានលើជននោះត្រូវរលត់ ហើយដំណើរការទាំងឡាយនៃនីតិវិធីនឹងបិទត្រូវបញ្ចប់ ។

២៖ ការផុតអាជ្ញាយុកាល
អាជ្ញាយុកាល គឺជាពេលវេលាកំណត់មួយដែលមានចែងក្នុងច្បាប់ អំពីរយៈពេលដែលអាចធ្វើ ឬ ចាប់ផ្តើមបណ្តឹងអាជ្ញាបាន ។ ប្រសិនបើសកម្មភាពល្មើសមួយត្រូវបានកើតឡើង ដែលនាំឲ្យការគិតអំពីអាជ្ញាយុកាលនៃបទល្មើសត្រូវបានចាប់ផ្តើម ហើយដល់រយៈកំណត់នៅតែមិនមានបណ្តឹងអាជ្ញាណាមួយត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងសកម្មភាពនោះ នោះនាំឲ្យបណ្តឹងអាជ្ញាត្រូវរលត់ ដោយមូលហេតុនៃការផុតអាជ្ញាយុកាល ។ អាជ្ញាយុកាលមានរយៈពេលខុសៗតាមប្រភេទបទល្មើស សម្រាប់បទល្មើសលហុអាជ្ញាយុកាលមានរយៈពេល ០១ (មួយ) ឆ្នាំ, បទល្មើសមជ្ឈិមមានអាជ្ញាយុកាល ៥ (ប្រាំ) ឆ្នាំ និងបទឧក្រិដ្ឋមានអាជ្ញាយុកាល ១៥ (ដប់ប្រាំ) ឆ្នាំ ។ ប៉ុន្តែ មានបទឧក្រិដ្ឋធ្ងន់ធ្ងរមួយចំនួនច្បាប់មិនមានកំណត់អាជ្ញាយុកាលនោះទេ ដូចជាបទល្មើសប្រល័យពូជសាសន៍ បទល្មើសប្រឆាំមនុស្សជាតិ និងបទល្មើសឧក្រិដ្ឋកម្មសង្រ្គាមជាដើម ។

៣. ការលើកលែងទោសជាទូទៅ
ការលើកលែងទោសជាទូទៅ ខុសពីកាលលើកលែងទោសដោយជារាជានុសិទ្ធិរបស់ព្រះមហាក្សត្រដែលមានចែងក្នុងច្បាប់ ដែលជាទូទៅធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងឳកាសនៃព្រះរាជពិធីបុណ្យជាតិធំៗ ។ បណ្តឹងអាជ្ញាមួយអាចនឹងត្រូវរលត់តាមរយៈការលើកលែងទោសជាទូទៅ ដែលការលើកលែងទោសនេះ សំដៅលើការធ្វើច្បាប់ដែលអនុម័តដោយរដ្ឋសភា សម្រាប់លើកលែងទោស ឬ លុបចោលនូវប្រភេទបទល្មើសណាមួយដែលនាំឲ្យបណ្តឹងអាជ្ញាដែលកំពុងដំណើរការក្នុងនីតិវិធីនឹងត្រូវរលត់ ។

៤៖ និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ
បណ្តឹងអាជ្ញាមួយត្រូវបានធ្វើឡើងតាមរយៈនៃការចោទប្រកាន់របស់អយ្យការក្នុងបទល្មើសណាមួយ ប៉ុន្តែដោយហេតុថា បទល្មើសដែលត្រូវបានចោទប្រកាន់នោះត្រូវបាននិរាករណ៍ដោយមានច្បាប់ព្រហ្មទណ្ឌថ្មី ហេតុនេះ បណ្តឹងអាជ្ញាដែលធ្វើឡើងដោយឈរលើមូលដ្ឋាននៃបទល្មើសដែលមានចែងក្នុងច្បាប់ចាស់នឹងត្រូវរលត់ ។

៥៖ អាជ្ញាអស់ជំនុំ
កាលណាអង្គហេតុនៃបទល្មើសមួយត្រូវបានកើតឡើងហើយត្រូវបានធ្វើការចោទប្រកាន់ដោយអយ្យការ និងមានការជំនុំជម្រះសេចក្តីរហូតមានសាលក្រម ឬ សាលដីកាស្ថាពរហើយ អង្គហេតុនោះមិនត្រូវបានលើកយកមកធ្វើការចោទប្រកាន់ជាថ្មីបានឡើយ។

មានមូលហេតុមួយចំនួនទៀតនៃការរលត់បណ្តឹងអាជ្ញាផងដែរ កាលណាមានច្បាប់ដោយឡែកបានចែងដោយជាក់លាក់ ដូចជា៖
១. ដោយការសម្របសម្រួលជាមួយរដ្ឋ (ជាពិសេស ករណីបទល្មើសពន្ធគយ)
២. ដោយការដកពាក្យបណ្តឹង នៅក្នុងករណីដែលពាក្យបណ្តឹងនេះជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ជាបទព្រហ្មទណ្ឌ ។
៣. ដោយការបង់ប្រាក់ពិន័យសរុប ឬ ប្រាក់ពិន័យសម្របសម្រួល (ករណីបទល្មើសព្រៃឈើខ្លះ)។

រៀបរៀងដោយ៖ លោក ថន យូសៀង និងកញ្ញា សាវី លីដា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ