(ភ្នំពេញ)៖ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផ្ញើលិខិតអញ្ជើញ ទៅកាន់សាធារណៈជន និងដៃគូរសហការ​ឲ្យចូលរួមក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៨។

ការចេញលិខិតបដិសេធរបស់វិទ្យាស្ថាន CDRI ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានធ្វើឡើងបន្ទាប់ពី មានសារអេឡិចត្រូចិនដែលមានឈ្មោះ Kong Visal ([email protected]) ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ដែលបានផ្ញើចេញលិខិតអញ្ជើញទៅអង្គការមួយ ក្នុងនាមគណៈគ្រប់គ្រងរបស់វិទ្យាស្ថាន CDRI។

បើតាមវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ២០១៨នេះ បានធ្វើតាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ​ មកម្លេះ។ វិទ្យាស្ថានមិនដឹងថា ជនដែលប្រើសារអេឡិចត្រូនិច ឈ្មោះ Kong Visal ([email protected]) មានគោលបំណងបែបណានោះទេ ដែលធ្វើឲ្យអង្គការ ស្ថាប័ន ដែលបានទទួលលិខិតអញ្ជើញមានការភ័ន្ដច្រឡំ ហើយប៉ះពាល់ដល់កិត្តិយសរបស់វិទ្យាស្ថាន។

យ៉ាងណាក៏ដោយ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា សូមធ្វើការបដិសេធទាំងស្រុង ចំពោះអំពើទុច្ចរិតខាងលើនេះ និងសូមកុំឲ្យអង្គការ ស្ថាប័ន ដែលបានទទួលលិខិតអញ្ជើញនេះ ក៏ដូចជាសាធារណជនទូទៅមានការភ័ន្ដច្រឡំ៕​