(បន្ទាយមានជ័យ)​​៖ មន្ដ្រីនគរបាលជាតិ ចំនួន១៦១នាក់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងបំពាក់ឋានន្ដរស័ក្ដិ និងគ្រឿងឥស្សរិយយស នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ។

ក្នុងពិធីដែលបានធ្វើឡើង នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងមន្ដ្រីនគរបាលជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ជិតចូលមកដល់កម្លាំងនគរបាលទាំងអស់ ត្រូវរៀបចំផែនការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នៅពេលបោះឆ្នោត និងមធ្យោបាយ ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ ដើម្បីការពារសន្តិសុខជូនពួកគាត់។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានគូសបញ្ជាក់ថា ​ដោយបានការយកចិត្តទុកដាក់ពីសំណាក ​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកបានបញ្ជាឲ្យនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងណែនាំត្រូវប្រឹងប្រែងកសាងខ្លួន បង្កើនសមត្ថភាព ហ្វឹកហ្វឺនរៀនសូត្រ ក្នុងកិច្ចបំពេញតួនាទីភារកិច្ច ប្រកបដោយឆន្ទៈស្មោះត្រង់​។

ដោយឡែក សម្រាប់ផែនការបោះឆ្នោតខាងមុខនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានណែនាំឲ្យមានការ​ចែងបែងចែកការងារតាមតួនាទីភារកិច្ច ចាត់តាំងប្រចាំការ ប្រចាំបញ្ជា ត្រៀមកម្លាំងអន្តរាគមន៍២៤​ លើ២៤ម៉ោង ការគ្រប់គ្រងកម្លាំង ប្រើប្រាស់កម្លាំងចុះប្រតិបត្តិការ និងការប្រើប្រាស់មធ្យោបាយទាក់ទងផ្សេងៗ ការងារមន្ត្រីនគរបាលយុត្តិធម៌ ទប់ស្កាត់បង្រ្កាបរាល់មុខសញ្ញាបទល្មើស ដែលកើតមានឡើងក្នុងភូមិសាស្រ្ត ត្រួតពិនិត្យមធ្យោបាយ គ្រឿងបំពាក់ ការបំពាក់អាវុធត្រូវត្រួតពិនិត្យឲ្យ​បានហ្មត់ចត់៕