(ភ្នំពេញ)៖ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខមេរភូមិន្ទ និងនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើរបស់សហរដ្ឋអាមេរិក មកលើនាយទាហាន នៃកងយោធពលខេមរភូមិន្ទ។

សេចក្តីប្រកាសរបស់កងយោធពលខេមរភូមិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលសហរដ្ឋអាមេរិកសម្រេចនេះ គឺជាការរំលោភច្បាប់ និងការបំពានអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយ ពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ។ ម្យ៉ាងទៀតការសម្រេចដែលធ្វើឡើងតាមទំនើងចិត្តរបស់សហរដ្ឋអាមេរិកនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ដែលយើងខ្ញុំទាំងអស់គ្នា ពិតជាពុំអាចទទួលយកបានឡើយ»។

កងយោធពលខេមរភូមិន្ទ ក៏បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះវិធានការនេះ ហើយអំពានាវឱ្យក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវការដាក់ទណ្ឌកម្មណាមួយ មកលើសមាជិក នៃកងយោធពលខេមរភូមិន្ទ។

សូមបញ្ជាក់ថា ប្រតិកម្មភ្លាមៗរបស់ កងយោធពលខេមរភូមិន្ទ បានធ្វើឡើងបន្ទាប់ពីមានសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្ម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស៕