(សៀមរាប)៖ «ត្នោតយើង មោទនភាពយើង» ជាចំណងជើងនៃព្រឹត្តិការណ៍ដាំពូជដើមត្នោតចំនួន៣,០០០គ្រាប់ លើទឹកដីសៀមរាបអង្គរនៃយើង នាចុងសប្តាហ៍នេះ។ 

ព្រឹត្តិការណ៍នេះ បានរៀបចំឡើងដោយក្រុម «យុវជនកម្ពុជា» ទទួលបានការឧបត្ថម្ភផ្តាច់មុខ ដោយក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ មានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្ត ព្រមទាំងយុវជន-យុវតីជាង ២០០នាក់។ កម្មវិធីនេះ ក៏មានការចូលរួមជាកិត្តិយសផងដែរពី លោកស្រីអគ្គនាយិកាក្រុមហ៊ុនវីតាល់ លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ម៉ី ម៉ារ៉ាឌី តំណាងភូមិធម្មជាតិរុនតាឯក។

កម្មវិធី «ត្នោតយើង មោទនភាពយើង» បានប្រព្រឹត្តឡើងនៅភូមិធម្មជាតិរុនតាឯក ដោយភ្ជាប់នូវគោលបំណងជាចម្បងគឺ ដើម្បីជាការក្រើនរំលឹក បង្កើនការថែរក្សាស្រលាញ់ដើមត្នោត ដែលមានប្រយោជន៍ច្រើនសឹងសព្វគ្រប់ ចាប់ពីគល់ដល់ចុងស្លឹកនៃត្នោត ដល់ជីវភាពរស់នៅនៃប្រជាពលរដ្ឋខ្មែរទូទៅ។ ចំពោះកូនពូជត្នោតនេះ នឹងបន្តផ្តល់ប្រយោជន៍ ដល់ប្រជាជននៅថ្ងៃអនាគតផងដែរ។

លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា បានថ្លែងសំដែងនូវចំណាប់អារម្មណ៍រំភើបរីករាយ និងពោរពេញទៅដោយមោទនភាព ដែលឃើញប្អូនៗនិស្សិត និងយុវជនស្ម័គ្រចិត្ត មានចិត្តស្រលាញ់ និងចូលរួមសកម្មភាព ថែរក្សា សម្បត្តិធម្មជាតិ ជាពិសេសដើមត្នោតយើង។

«ត្នោតយើង មោទនភាពយើង» នេះ ជាព្រឹតិ្តការណ៍ដែលផ្តោតលើការដាំនូវពូជត្នោត ចំនួន៣,០០០គ្រាប់ ស្ថិតនៅភូមិធម្មជាតិ រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ជាមួយគ្នានោះ លោកស្រីសង្ឃឹមថាប្អូនៗ និងសាធារណជន នឹងយល់ពីរបៀបដាំដុះ ហើយនឹងបន្តស្រលាញ់ថែទាំដើមត្នោតទាំងនេះ។

បន្ទាប់ពីការថ្លែងសន្ទរកថារួច កិច្ចដំណើរការនៃកម្មវិធីដាំនូវពូជដើមត្នោត៣,០០០គ្រាប់ ត្រូវបានចាប់ប្រារព្ធធ្វើឡើង តាមបណ្តោយសង្ខាងផ្លូវលំក្រាលគ្រួសក្រហម ចាប់ពីភូមិធម្មជាតិរុនតាឯក ដល់ខ្លោងទ្វាវត្តមានជ័យ ដែលមានប្រវែង២២០០ម៉ែត្រ។

បន្ទាប់ពីនោះ មានជាការថតរូបជាអនុស្សាវរីយ៍ ការចូលរួមទស្សនាការតាំងចំលាក់ស្បែកគោ និងតាំងកាបូបជាផលិតផលច្នៃផលិតពីក្រវិលកំប៉ុង ព្រមទាំងមានជាការរៀនអនុវត្តចាក់ស្មុកធ្វើជាកាបូប មុននឹងជុំគ្នាស្រុសស្រូបអាហារសាមគ្គីថ្ងៃត្រង់ដោយរីករាយ និងស្រស់ស្រាយផងដែរ។

ជាចុងបញ្ចប់នៃកម្មវិធី «ត្នោតយើង មោទនភាពយើង» នារសៀលនោះ ក្រុមយុវជន-យុវតី សប្បាយជុំគ្នាក្រោមសាលដំបូលប្រក់ស្លឹក រាំបាំរាំវង់ ដែលនេះរឹតតែបង្កជាបរិយាកាសរីករាយ ដែលមិនអាចនឹងបំភ្លេចបាន។

គួររំលឹកផងដែរថា កម្មវិធី «ត្នោតយើង មោទនភាពយើង» ជាគម្រោងដែលក្រុម «យុវជនកម្ពុជា» នៅខេត្តសៀមរាប បានផ្តើមគំនិតក្រោមពាក្យស្លោក «ទាំងអស់គ្នាដើម្បីសហគមន៍ និង រួមគ្នាថែអត្តសញ្ញាណជាតិយើង» ក្នុងការចូលរួម «ការប្រកួតប្រជែងគម្រោងយុវជន ដើម្បីអភិវឌ្ឍន៍សហគមន៍» ក្រោមប្រធានបទ «យុវជន និងមោទនភាពជាតិ» របស់ក្រុមហ៊ុនអិន.វី.ស៊ី ខបភើរេសិន (វីតាល់) តាមរយៈមូលនិធិ ២៥រៀល កាលពីចុង ឆ្នាំ២០១៧ និងបានស៊ូឆ្លងរហូតដល់ឈ្នះជ័យលាភីវគ្គផ្តាច់ព្រ័ត្រនា រាជធានីភ្នំពេញ គ្រាខែមករាដើមឆ្នាំ២០១៨នេះ។

គម្រោងពួកគាត់ ត្រូវបានក្រុមការងារវីតាល់ ចាប់ផ្តើមចូលរួមជួយ និងជ្រោមជ្រែង ឲ្យចេញជារូបរាងឡើងនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ដែលនឹងរំពឹងថា នឹងមានថ្ងៃនោះកើតឡើងម្តងទៀត រាល់ៗឆ្នាំក្រោយជាបន្តបន្ទាប់។
ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ថ្លែងនូវអំណរគុណដល់លោក លោកស្រីភ្ញៀវកិត្តិយស និងក្រុមយុវជនស្មគ្រ័ចិត្ត ដែលបានចូលរួមក្នុងការងារសង្គមនៃគម្រោងនេះ។

ការចួលរួមលើកនេះ ពិតណាស់ជាគុណតម្លៃ និងបង្ហាញកាន់តែច្បាស់ពីសាមគ្គីភាពរបស់យុវជន ក្នុងការលើកស្ទួយរាល់ធនធាន ដែលមានស្រាប់លើទឹកដីសុវណ្ណភូមិនៃយើង។ ទស្សនៈវិស័យរបស់វីតាល់ មិនត្រឹមតែ ជាសកម្មភាពសប្បុរសធម៌ច្រើនប៉ុណ្ណោះទេ ក្រុមហ៊ុនក៏មានបំណងលើកទឹកចិត្ត ផ្សព្វផ្សាយ និងចុងផ្តើមឧបត្ថម្ភរាល់គម្រោងអភិវឌ្ឍន៍សង្គមនានា ឲ្យកាន់តែមានភាពពុះកញ្ជ្រោលឡើងផងដែរ។ ដូច្នេះសូមចងចាំថា អតិថិជនវីតាល់ ក៏ចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានផងដែរ។ «វីតាល់ មោទនភាពផលិតផលជាតិ»៕