(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀចំកម្មវិធីប្រកួត K-POP World Festival 2018 in Changwon វគ្គដំបូង ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង០៦៖០០-០៨៖៣០នាទីយប់ នៅសាលពហុបំណង (Multi-Purpose Hall) នៃមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីប្រកួត K-POP World Festival 2018 in Changwon វគ្គដំបូងនៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍ KBS និងក្រសួងការបរទេសកូរ៉េ និងដើម្បីជ្រើសរើសអ្នកតំណាងរបស់កម្ពុជា សម្រាប់ចូលរួមក្នុងកម្មវិធីប្រកួតធំវគ្គទី១ (ការវាយតម្លៃលើវីដេអូ) នៅ Changwon ដែលមានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់អ្នកគាំទ្រ K-POP ទូទាំងពិភពលោក។

កម្មវិធីឆ្នាំនេះ មានបេក្ខជន បេក្ខនារី ក្រុមរាំ និងច្រៀងប្រហែល៤០ក្រុម ចំនួន១៣០នាក់ បានចុះឈ្មោះចូលរួម។ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃពី
គណៈកម្មាការ បានជ្រើសរើសបេក្ខជន-បេក្ខនារី ចំនួន១៦ក្រុម ក្នុងនោះអ្នករាំ១១ក្រុម និងអ្នកច្រៀង៥ក្រុម ដែលមានចំនួន៧៣នាក់ សម្រាប់ ចូលរួមប្រកួតសម្តែងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។

លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ឲ្យដឹងថា «ខ្ញុំរីករាយយ៉ាងខ្លាំង ដែលប្រជាប្រិយភាព K-POP នៅក្នុងកម្ពុជា កាន់តែកើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយខ្ញុំសង្ឃឹមថា កម្មវិធី K-POP World Festival 2018 in Changwon ដែលប្រារព្ធឡើង​នៅក្នុង​ប្រទេសកម្ពុជានេះ និងជំរុញការផ្លាស់ប្តូរវប្បធម៌ រវាងយុវជនកម្ពុជា-កូរ៉េ»

សម្រាប់កម្មវិធីក្នុងឆ្នាំនេះ ក៏មានការឧបត្ថម្ភ ពីក្រុមហ៊ុន K’ve Entertainment, ក្រុមហ៊ុន KHH (Khmer household & Health care), ក្រុមហ៊ុន JUN SKIN រួមជាមួយនឹងការសម្តែងស្វាគមន៍ បើកកម្មវិធីដ៏អស្ចារ្យ និងការរៀបចំឆាកសម្តែងយ៉ាងស្រស់ឆើតឆាយ ដែលញ៉ាំងឲ្យកម្មវិធី កាន់តែមាន
ភាព អស្ចារ្យជាងឆ្នាំមុនៗ។

កម្មវិធីនេះ មានការចូលរួមវាយតម្លៃ និងផ្តល់ពិន្ទុពីសំណាក់គណៈកម្មការ ជំនាញដូចជា លោក G-Daveth ជាតារាចម្រៀង និងជាម្ចាស់ជ័យលាភី
ក្នុងកម្មវិធី K-POP World Festival វគ្គដំបូងក្នុងឆ្នាំ២០១៥, លោក Taboi VJ ប្រចាំស្ថានីយ៍ទូរទស្សន៍ MyTV, លោក J-Pok ផលិតករតន្ត្រី និងជាអ្នកតំណាងរបស់ E Nation Record label នឹងធ្វើឲ្យការវាយតម្លៃ ក្នុងកម្មវិធីមានភាពសុក្រិត ត្រឹមត្រូវ និងយុតិ្តធម៌។

ក្រុមដែលទទួលជ័យលាភី លេខ១ ក្នុងការប្រកួត ចុងក្រោយនឹងបានទទួលការប្រឹក្សាអំពី K’ve Entertainment ព្រមទាំងបានចូលរួមក្នុង កម្មវិធី
ប្រកួតធំវគ្គទី១នៅ Changwon ដែលរៀបចំឡើងដោយ ស្ថានីយ៍ទូរទស្សន៍KBS៕