(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត លោកនឹងខិតខំពិនិត្យលទ្ធភាពសិក្សារកទីតាំងដីផ្សេង ដែលមិនស្ថិតក្នុងតំបន់អភិរក្ស ដោយសហការជាមួយគ្រប់ភាគីអ្នកពាក់ព័ន្ធ ជាពិសេសអាជ្ញាធរព្រះវិហារ ដើម្បីស្វែងរកដីជូនប្រជាពលរដ្ឋរស់នៅ បានសមរម្យស្របតាមគោលនយោបាយឈ្នះឈ្នះ និងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ការសន្យាបែបនេះរបស់លោក អ៊ុន ចាន់ដា ក្នុងឱកាសដែលលោកអញ្ជើញជួបដោះស្រាយបញ្ហាដីធ្លី ជាមួយបងប្អូនប្រជាពលរដ្ឋតំបន់ស្វាយជ្រុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ នៅអគារសាលប្រជុំសាលាខេត្ត។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា «ក្នុងនាមថ្នាក់ដឹកនាំ អាជ្ញាធរខេត្តពិសេសរូបលោកជាអភិបាលខេត្ត មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ គឺយើងរួមសុខរួមទុក្ខជាមួយគ្នា មានបញ្ហាយើង ត្រូវរួមគ្នា ដោះស្រាយដោយមិនប្រកាន់និន្នាការនយោបាយនោះទេ។ ជាមួយគ្នានេះ ដីនៅតំបន់ស្វាយជ្រុំ និងនៅជុំវិញជើងប្រាសាទព្រះវិហារ ដែលបងប្អូនទាមទារនេះ គឺបានដាក់ចូលជាតំបន់អភិរក្ស ដែលចេញដោយព្រះរាជក្រិត្យរួចហើយ។ ដូច្នេះខេត្តមិនអាចផ្តល់ជូនបានឡើយ ហើយខេត្តមិនមានវិសាលភាពឡើយ ព្រោះដីនេះស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរព្រះវិហារ។ លើសពីនេះទៅទៀត ជាតំបន់អភិរក្សការពារ ធនធានធម្មជាតិ បរិស្ថាន ជាពិសេសប្រាង្គប្រាសាទព្រះវិហារ ក៏ដូចជាតំបន់ជុំវិញផងដែរ»

ដោយផ្អែកលើការសំណូមពររបស់បងប្អូន ប្រជាពលរដ្ឋឲ្យខេត្ត រកដីដែលនៅក្បែរ និងតំបន់នោះហើយមិនស្ថិតក្នុងដែនអភិរក្ស លោក អ៊ុន ចាន់ដា បានឆ្លើយតបថា អាជ្ញាធរខេត្ត និងពិនិត្យលទ្ធភាព សិក្សារកទីតាំងដីផ្សេង ដែលមិនស្ថិតក្នុងដែនអភិរក្ស ដោយសហការជាមួយគ្រប់ភាគីពាក់ពន្ធ័ ជាពិសេសអាជ្ញាធរព្រះវិហារ ដើម្បីរកដីជូនបងប្អូនរស់នៅឲ្យបានសមរម្យស្រប តាមគោលនយោបាយឈ្នះឈ្នះ និងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយលោកក៏សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ រក្សាភាពស្ងៀមស្ងាត់ទុកឱកាលឲ្យអាជ្ញាធរខេត្តធ្វើការដោះស្រាយជូន៕