(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខមេរភូមិន្ទ និងនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សេចក្តីប្រកាសរបស់រាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅគេហទំព័ររបស់ខ្លួន ក្រសួងរតនាគារជាតិ សហរដ្ឋអាមេរិក បានដាក់បញ្ចូល ឯកឧត្តមនាយ ឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស ឱ្យស្ថិតនៅក្រោមច្បាប់ គ្លូប៊ល ម៉ែកនីតស្ទី (GLOBAL MAGNITSKY) របស់សហរដ្ឋអាមេរិក។ រាជបណ្ឌិត្យសភាកម្ពុជា ក្នុងឋានៈជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ សូមធ្វើការថ្កោលទោសយ៉ាង ដាច់អហង្ការចំពោះចំណាត់ការដោយគ្មានមូលដ្ឋានច្បាប់របស់ក្រសួងរតនាគារជាតិអាមេរិកនេះ»។

ក្នុងឋានៈជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ រាជបណ្ឌិត្យសភាកម្ពុជា បានកត់ត្រាទុក នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់ជាតិ។ ជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្នាដៃ និងគុណបំណាច់យ៉ាងច្រើនក្នុងការចូលរួមចំណែក រក្សាសន្តិភាព និងសុវត្ថិភាពជូនសង្គមជាតិ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍនូវវិស័យសង្គមកិច្ច និងមនុស្សធម៌។

ដូច្នេះ រាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ចំណាត់ការរបស់ក្រសួងរតនាគារជាតិ សហរដ្ឋអាមេរិកនេះ គឺមានចរិកនយោបាយ ដែលជាទង្វើរំលោភបំពានលើអធិបតេយ្យភាព នៃប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ។ ចំណាត់ការនេះ បានដាក់ចេញស្របពេលដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោត គឺសហរដ្ឋអាមេរិក មានចេតនាទុច្ចរិតរៀបចំគម្រោង ដើម្បីបង្ខូចកិត្យានុភាពរាជរដ្ឋាភិបាលកម្ពុជា និងជាការផ្តល់វេទិការដល់មជ្ឈដ្ឋានក្រុមប្រឆាំង ដើម្បីបំភ្លៃព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់កិត្យានុភាពកម្ពុជា និងសុខដុមរមនា នៃសង្គមកម្ពុជាក្រោមម្លប់សន្តិភាព។ ចុះសហរដ្ឋអាមេរិក ដែលបានទម្លាក់គ្រាប់បែកនៅកម្ពុជា កាលពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៥ តើនេះ គឺជាការរំលោភសិទ្ធិម​នុស្សដែរ ឬទេ? ឬមួយប្រទេសមហាអំណាចធ្វើអ្វីមួយសុទ្ធសឹងតែត្រឹមត្រូវទាំងអស់? ហើយកាកសំណល់ នៃយុទ្ធភណ្ឌមិនទាន់ផ្ទុះក្លាយទៅជាឃាតករលាក់មុខសម្លាប់ប្រជាជនកម្ពុជា តើនេះវាមិនមែនជាការរំលោភសិទ្ធិមនុស្ស ឬទេ?

សូមបញ្ជាក់ថា ប្រតិកម្មភ្លាមៗរបស់ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្ម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស៕