(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដោយចុះត្រូតពិនិត្យទំនិញដែលដាក់លក់ក្នុងផ្សារ ស្ថិតក្នុងខេត្តស្ទឹងត្រែង។

សកម្មភាពចុះត្រួតពិនិត្យនៅព្រឹកនេះ បានដឹកនាំដោយ លោក ពៅ សារិទ្ទ អនុប្រធានកាំកុងត្រូលខេត្តស្ទឹងត្រែង និងបានរកឃើញទឹកម្ទេសហួសសុពលភាព កំណត់ការប្រើប្រាស់ ហើយក្រុមការងារត្រួតពិនិត្យ បានដកហូតពីអាជីវរករភ្លាមៗតែម្តង។

លោកអនុប្រធានសាខាកាំកុងត្រួល បានឲ្យដឹងថា ក្រុមការងារបានត្រួតពិនិត្យចំនួនតូបនៅតាមផ្ទះ៥កន្លែង និងផ្សារធំសាម្គីផងដែរ ហើយបានបន្តត្រួតពិនិត្យ ទំនិញដែលដាក់តាំងលក់គ្រប់ ប្រភេទបន្ថែមទៀត ដើម្បីរកផលិតផលណាដែលខូចគុណភាពប្រើប្រាស់។

លោក ពៅ សារិទ្ទ បានសំណូមពរ សូមឲ្យអាជីវករទាំងអស់រក្សារទំនិញលក់ដូរឲ្យបានត្រឹមត្រូវ តាមការកំណត់របស់មន្ត្រីជំនាញ ព្រោះសុវត្ថិភាពចំណីអាហារ គឺជារឿងដែលប្រជាពលរដ្ឋ ត្រូវតែចូលរួមសហការ ដើម្បីសុវត្ថិភាពចំណីអាហារទាំងអស់គ្នា៕