(ប៉ៃលិន)៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងតំណាងក្រុមហ៊ុន Pailin Flamingo បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា មកឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនចំនួន ៣៩៩នាក់ នៅក្នុងខេត្តប៉ៃលិន។

នៅក្នុងឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការនគរបាលខេត្ត និងលោក សាក់ សាមឿន ប្រធានមន្ទីរអតីតយុទ្ធជន និងយុវនីតិសប្បទាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើននាក់ទៀតផងដែរ។

លោកអគ្គនាយកក្រុមហ៊ុន Pailin Flamingo បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក បានបោះទុនវិនិយោគរកស៊ីនៅក្នុងខេត្តប៉ៃលិនជាង ២០ឆ្នាំ មកហើយ ដោយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែររាប់រយនាក់ ហើយក្នុងនោះជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Pailin Flamingo ក៏បានចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងខេត្តប៉ៃលិន ដែលជាការរួមចំណែកជាមួយ អាជ្ញាធរខេត្តផងដែរ។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាគ្រប់រូប បានចងចាំនូវពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានចំពោះយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល។

លោកបានបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលបានបំផ្លិចបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់ឬសគល់ ព្រមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី មរណៈជាច្រើន ហើយចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលបានគិតគូដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍមូលដ្ឋាន សម្ភារៈ ជីវភាព ការចុះសួរសុខទុក្ខដល់អង្គភាពផងដែរ។

លោកបានលើកឡើងថា ជាមួយនឹងសមិទ្ធផលដ៏ធំធេងដែលសម្រេចបាន លើវិស័យសុខុមាលភាពអតីតយុទ្ធជន និងវឌ្ឍនភាព នៃសមាគមអតីតយុទ្ធជនយ៉ាងណាក៏ដោយ ក៏បងប្អូនអតីតយុទ្ធជននៅមានឧបសគ្គជាច្រើន តម្រូវឲ្យយើងត្រូវតែយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទាំងនោះជាបន្តបន្ទាប់ ដោយបន្តពង្រឹង និងពង្រីកសេវាបណ្តុះបណ្តាលជំនាញ និងឥទានជាដើម ដើម្បីឲ្យបងប្អូនអតីតយុទ្ធជនទទួលបាននូវសមត្ថភាព និងលទ្ធភាព ដើម្បីអភិវឌ្ឍន៍ជីវភាពឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងអគ្គនាយកក្រុមហ៊ុន Pailin Flamingo បានឧបត្ថម្ភ ដល់អតីតយុទ្ធជន ចំនួន ៣៩៩នាក់ ដោយក្នុងម្នាក់ៗ ទទួលបានឃីត ១កញ្ចប់ មាន អង្ករ, ទឹកត្រី, ទឹកសុទ្ធ, មី, ត្រីខ, ស្ករស, ថ្នាំដុសធ្មេញ, អំបិល, និងថវិការចំនួន ២ម៉ឺនរៀលផងដែរ៕