(បន្ទាយមានជ័យ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវ ដែលទទួលរងការខូចខាត និងពិបាកក្នុងការធ្វើដំណើរ និងពិបាកដឹកជញ្ជូនស្រូវនៅរដូវវស្សា នៅក្នុងភូមិសាស្ត្រ ស្រុកបរវិល ខេត្តបាត់ដំបង និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី លោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនធនាគារស្រូវ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

ការចុះពិនិត្យមើលស្ថានភាពផ្លូវបែបនេះ ដើម្បីឆ្លើយតបទៅវត្ថុបំណង នៃយន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាល លើវិស័យកសិកម្ម និងការដឹកជញ្ជូនស្រូវ កសិផល និងចូលរួមកាត់បន្ថយថ្លៃដឹកជញ្ជូន សន្សំសំចៃ ការផលិតស្រូវ របស់កសិករ និងធ្វើការត៏ភ្ជាប់ទៅទីផ្សារ។

បើតាមលោក កៅ ថាច ដោយសារមើលឃើញ ការពិបាកធ្វើដំណើររបស់ប្រជាពលរដ្ឋ រួមមាន៖
១៖ ការពិបាកក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករពីស្រែដែលនៅឆ្ងាយមកទីផ្សារស្រូវ រោងម៉ាស៊ីនកិនស្រូវ
២៖ ការចំណាយថ្លៃខ្ពស់ក្នុងការដឹកជញ្ជូនរបស់បងប្អូនប្រជាកសិករ
៣៖ ផ្លូវមួយចំនួនទទួលរងការខូខាត ដោយសារទឹកជំនន់។

អគ្គនាយក RDB បានបញ្ជាក់ថា តាមគម្រោងផ្លូវទាំងអស់ នឹងត្រូវធ្វើការសិក្សា ដើម្បីជុសជុល ធ្វើថ្មី និងកែលម្អឡើងវិញ។ ការរំពឹងទុក នៅពេលផ្លូវទាំងនេះធ្វើហើយ ផ្លូវនេះនឹងចូលរួមជួយកាត់បន្ថយថ្លៃចំណាយ លើការដឹកជញ្ជូនរបស់ប្រជាកសិករក្នុងតំបន់ ធ្វើការត៏ភ្ជាប់ទៅនឹងទីផ្សារ។

លោក កៅ ថាច អះអាងថា ប្រជាកសិករនៅជនបទ មានផ្លូវស្អាត ចំណេញពេលវេលា ចំណេញលុយ កាត់បន្ថយភាពក្រីក្រ លើកកំពស់សេដ្ឋកិច្ចជនបទ។

ដោយឡែកនារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ លោក កៅ ថាច, លោកឧកញ៉ា ភូ ពុយ, ក៏បានចុះទៅខេត្តពោធិ៍សាត់ ដើម្បីចុះត្រួតពិនិត្យ មើលផ្លូវលំក្នុងភូមិ ស្ថិតក្នុងគម្រោងដែលត្រូវសិក្សាជុសជុល ធ្វើថ្មីកែលម្អឡើងវិញ ដើម្បីសម្រួល ដល់ការកាត់បន្ថយ និងលើការចំណាយថ្លៃដឹកជញ្ជូនស្រូវ កសិផលរបស់ប្រជាកសិករ តភ្ជាប់ទៅទីផ្សារផងដែរ។

លោក កៅ ថាច បានឲ្យដឹងថា ការសិក្សាលើគម្រោងធ្វើផ្លូវថ្មី ជុសជុលកែលម្អឡើងវិញ ក្នុងភូមិ ឃុំ ស្រុក ដើម្បីធ្វើការតភ្ជាប់ពីទីតាំង ផលិតស្រូវដែលនៅឆ្ងាយ ទៅទីផ្សារស្រូវ (កន្លែងទីតាំងទទួលទិញ) គឺជាផ្នែកមួយ នៃគម្រោងអន្តរាគមន៍ ពិសេសរបស់រាជរដ្ឋាភិបាលដាក់ចេញមក ដើម្បីលើកស្ទួយដល់ជីវភាព របស់ប្រជាកសិករឲ្យកាន់តែប្រសើរឡើង។ លោកថា កសិករជនបទ មានទឹក មានភ្លើង មានផ្លូវ មានក្តីសង្ឃឹម៕