(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅមូលដ្ឋានខណ្ឌដង្កោ នៅតែបន្ដប្ដេជ្ញាចិត្តថា ពួកគាត់នឹងទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ខាងមុខនេះគ្រប់ៗគ្នា ព្រោះពួកគាត់ស្រឡាញ់សន្ដិភាព និងការអភិវឌ្ឍន៍ ហើយពួកគាត់ថា ដើម្បីរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

ការប្រកាសជាថ្មីនេះ របស់ប្រជាពលរដ្ឋត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានចំណេះសំណាលសួរសុខទុក្ខ ស្វែងយល់សំណើ សំណូមពរ និងតម្រូវការនានារបស់​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានខណ្ឌដង្កោ ប្រមាណ​៤០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកអភិបាល បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេ​តែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន។​

លោកក៏បានលើកឡើង អំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធា ក្រោមដំបូលសន្តិភាព៕