(ភ្នំពេញ)៖ ​អ្នកនាំពាក្យព្រឹទ្ធសភា ​នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសចំពោះសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ ​និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ហើយថា​ការដាក់ទណ្ឌកម្ម របស់ក្រសួងរតនាគាអាមេរិក គឺ ចោទប្រកាន់ដោយអគតិ និងអយុត្តិធម៌។

អ្នកនាំពាក្យព្រឹទ្ធសភា​​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «​ព្រឹទ្ធសភាសូមប្រកាសថ្កោលទោសចំពោះទង្វើនេះ ដោយចាត់ទុកថា ជាការបំពាន លើគោលការណ៍ជាតិស្ដីពី គោលការណ៍ស្មើភាពនៃអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ»

​អ្នកនាំពាក្យព្រឹទ្ធសភា សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋខ្មែរ ពុំអាចក្លាយជាកម្មវត្ថុនៃវិធានការទណ្ឌកម្មដ៏អយុត្តិធម៌ ដែលជាន់ឈ្លឺលើគោការណ៍សិទ្ធិមនុស្ស ហើយជ្រកក្រោមមហិច្ឆតានយោបាយដ៏អាក្រក់ សំដៅរំលោភបំពាន ជ្រៀតជ្រែក ញុះញង់ និងបង្កហេតុរបស់ប្រទេសដទៃបានឡើយ។

សូមបញ្ជាក់ថា ប្រតិកម្ម​នេះបានធ្វើឡើងបន្ទាប់ពីមានសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្ម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស៕