(ភ្នំពេញ)៖ តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញមកទាត់ចោលរាល់សេចក្តីថ្លែងការណ៍របស់ក្រុមជំនាញសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាតិដែលបាណចេញផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ព្រមទាំងចាត់ទុកសេចក្តីថ្លែងការណ៍មានទស្សនៈដោយលម្អៀងទៅលើក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

តំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិ បានបញ្ជាក់ទៀតថា ការបកស្រាយរបស់ក្រុមជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះ បានបកស្រាយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខុសថែមទៀតផង។

ក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍បង្ហាញក្តីព្រួយបារម្ភមួយចំពោះក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលចេញដោយ គ.ជ.ប ហើយបានចាត់ទុកការចេញក្រមសីលធម៌នេះ ជាការធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពព័ត៌មាន និងរាំងខ្ទប់សិទ្ធិបញ្ចេញមតិជាដើម។

ឆ្លើយតបក្តីបារម្ភរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះ តាមរយៈសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា បានបញ្ជាក់ថា ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត ដែលចេញដោយ គ.ជ.ប មិនមានបញ្ញត្តិណាមួយដែលហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយមិនឲ្យបំពេញកិច្ចការរបស់ខ្លួនស្របតាមច្បាប់ជាធរមាននោះឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ទៀតថា ក្រមសីលធម៌នេះ មានគោលបំណងបង្កើតបរិយាកាសអំណោយផលដល់ការបោះឆ្នោតឲ្យដំណើរការទៅដោយរលូន និងមានសណ្តាប់ធ្នាប់។ ទោះនៅក្នុងសង្គមប្រជាធិបតេយ្យក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានត្រូវប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួន ដោយស្ថិតនៅក្រោមច្បាប់ និងបទបញ្ញត្តិដែលពាក់ព័ន្ធ ដែលដូចគ្នាទៅនឹងអ្នកជំនាញសិទ្ធិមនុស្សអាណត្តិរបស់ខ្លួន ត្រូវស្ថិតនៅក្រោមក្រមសីលធម៌អ្នករាយការណ៍ពិសេស លក្ខខណ្ឌយោង និងសៀវភៅប្រតិបត្តិការងារ។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ទៀតថា អ្វីដែល គ.ជ.ប មានបំណងហាមឃាត់នោះ គឺការផ្សព្វផ្សាយដែលញុះញង់ឲ្យមានកំហឹង និងការរើសអើងជាតិសាសន៍តាមគ្រប់រូបភាព មិនមានគោលបំណងគាបសង្កត់សេរីភាពសមាគម និងការប្រមូលដោយសនតិវិធីនោះឡើយ។

ខាងក្រោមគឺជាសេចក្តីប្រកាសព័ត៌មានរបស់តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ឆ្លើយតបទៅនឹងអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលមានខ្លឹមសារទាំងស្រុង៖