(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រួមនឹងមេដឹកនាំប្រទេសសមាជិកអាស៊ាន៤ទៀត រួមមានថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។

កិច្ចប្រជុំកំពូល ACMECS លើកទី៨ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍មេគង្គ ដែលមានសមាហរណកម្ម និងការតភ្ជាប់» នឹងត្រូវដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីថៃ ដែលជាប្រធានកិច្ចប្រជុំ។

ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូល ACMECS លើកទី៨ នឹងពិភាក្សាពីយុទ្ធសាស្រ្តពង្រឹងសមត្ថភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លា នៅតាមបណ្តោយព្រំដែនបង្រួមគម្លាតការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាចូលរួមពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។ ឯកសារសំខាន់ចំនួនបី ដែលនឹងត្រូវបានអនុម័ត នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ រួមមាន៖ (១) បញ្ជីគម្រោងអាទិភាព, (២) ផែនការមេ ACMECS ២០១៩-២០២៣ និង (៣) សេចក្តីថ្លែងការណ៍ទីក្រុងបាងកក៕