(ភ្នំពេញ)៖ បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងកម្មវិធី K-POP World Festival 2018 in Changwon រួចមក ទីបំផុតបានរកឃើញក្រុមរាំជ័យលាភីលេខ១ តំណាងកម្ពុជា ទៅចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត នៅក្នុងប្រទេសកូរ៉េខាងត្បូងហើយ គឺក្រុមរាំ NT Crew។

កម្មវិធីប្រកួត K-POP World Festival 2018 in Changwon នេះត្រូវបានរៀបចំឡើងដោយ ស្ថានីយ៍ទូរទស្សន៍ KBS និងក្រសួងការបរទេស ប្រទេសកូរ៉េ ហើយវគ្គដំបូងនៃកម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងប្រទេសកម្ពុជា ដោយមានអ្នកដាក់ពាក្យ ចូលរួមប្រកួតប្រជែង ប្រមាណជា៤០ក្រុម តែមានតែ១៦ក្រុមប៉ុណ្ណោះ ដែលត្រូវបានប្រឡងជម្រុះយកជ័យលាភីតែ១ក្រុមប៉ុណ្ណោះ ដែលតំណាងកម្ពុជាចូលរួមប្រកួតធំ នៅក្នុងប្រទេស​កូរ៉េ​ខាងត្បូងនៅ​ទីក្រុង Changwon នៅ​ដើមខែ​តុលា​ ឆ្នាំ២០១៨ខាងមុខ។

លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា បានថ្លែងឲ្យដឹងថា សម្រាប់កម្មវិធីអ្នកឈ្នះក្នុងការ​ប្រកួតវគ្គ K-POP World Festival 2018 in Changwon នៅក្នុងប្រទេសកម្ពុជានេះ ពួកគាត់នឹងត្រូវអញ្ជើញចូលរួមប្រកួតវគ្គធំ នៅក្នុងប្រទេសកូរ៉ខាងត្បូង រួមទាំងទទួលបានរង្វាន់ទូរស័ព្ទ Samsung Galaxys9 ដែលមានតម្លៃខ្ទង៩០០ដុល្លារ ហើយអ្នកដែលជាប់លេខជាបន្ទាប់ទទួលបានទូរទូស្សម៉ាក Samsung ជាដើម។

លោកបានបញ្ជាក់ទៀតថា K-POP នេះ នឹងជួយជំរុញទំនាក់ទំនងផ្នែកវប្បធម៌រវាងកម្ពុជា និងកូរ៉េខាងត្បូង តាមរយៈការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក​រវាងយុវជនកម្ពុជា និងយុវជនកូរ៉េ។

សូមបញ្ជាក់ថា កម្មវិធីនេះ មានការចូលរួមវាយតម្លៃ និងផ្តល់ពិន្ទុយ៉ាងសុក្រិត ពីសំណាក់គណៈកម្មការជំនាញ ដូចជា លោក G-Daveth ជាតារាចម្រៀង និងជាម្ចាស់ជ័យលាភីកម្មវិធី K-POP World Festival វគ្គដំបូង ឆ្នាំ២០១៥, លោក Taboi VJ ប្រចាំស្ថានីយ៍ទូរទស្សន៍ MyTV, លោក J-Pok ផលិតករតន្ត្រី និងជាអ្នកតំណាងរបស់ E Nation Record label៕