(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី ​សេរី កុសល អនុប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរស់នៅទូទាំងខេត្តបន្ទាយមានជ័យ អញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ «រូបសញ្ញាទេវតាបាចផ្កា»។

ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ​សេរី កុសល អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ៣ភូមិ ទី១៖ ភូមិត្រពាំងថ្មខាងត្បូង, ទី២៖ ភូមិត្រពាំងថ្មកណ្ដាល, ទី៣៖ ភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សរុបប្រមាណ៧០០នាក់ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ។

ក្នុងឱកាសសំណេះសំណាល ជាមួយប្រជាពលរដ្ឋនោះ លោកទេសរដ្ឋមន្ត្រី ​សេរី កុសល បានលើកឡើង ចំនួន៣ចំនុច រួមមាន៖ ទី១៖ ប្រវិត្ដពីអតីតកាល រួមទាំងសង្គ្រាមនៅកម្ពុជា ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងបរិវ៉ាធ្វើរដ្ឋប្រហារទម្លាក់ព្រះមរបរតនកោដ្ឋ។ ទី២៖ សម័យកាលសង្គ្រាមដ៏យូរ និងពិបាក ដោយលោកបានរៀបរាប់ជូនប្រជាពលរដ្ឋយ៉ាងលម្អិត។ ទី៣៖ រៀបរាប់អំពីរឿងនយោបាយ ដែលទាក់ទងទៅ នឹងការរំលាយរបស់គណបក្សសង្គ្រោះជាតិ ដោយលោកថា រឿងនេះ កើតពីដំបូងដោយសារតែ ចង់បានអំណាចគ្នាទៅវិញទៅមក នៅក្នុងផ្ទៃក្នុងបក្ស រវាងពួក សម រង្ស៊ី ជាមួយបក្សសិទ្ធិមនុស្ស របស់ កឹម សុខា។

លោកទេសរដ្ឋមន្ត្រី សេរី កុសល បានជម្រាបជូនប្រជាពលរដ្ឋ នូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសការពារដាច់ខាតនូវសុខសន្តិភាព មិនអាចឲ្យជនណា ឬក្រុមណាធ្វើបដិវត្តន៍ពណ៌ បំផ្លាញកម្ពុជានោះឡើយ។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាប ប្រជាពលរដ្ឋអំពីព្រឹត្តការណ៍នយោបាយថ្មីៗ ដែលកើតឡើងបច្ចុប្បន្ន ដូចជា ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលត្រូវបានទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី យកមកបកស្រាយខុសពីការពិត ដើម្បីបម្រើតែសេចក្តីចង់បានរបស់ខ្លួន និងក្រុមបក្ខពួកខ្លួន។ ប៉ុន្តែការបកស្រាយរបស់ពួកគេ ត្រូវបានបរាជ័យទាំងស្រុង។

លោក សេរី កុសល ក៏បានប្រៀបធៀបការធ្វើនយោបាយ និងការបោះឆ្នោត ដូចនឹងរដូវធ្វើស្រែចំការ ដោយលោកបានជម្រាបជូនអ្នកស្រុកថា «រដូវធ្វើស្រែ កុំដឹកឆ្កែដើរលេង»។ ធ្វើស្រែដូចធ្វើនយោបាយ ត្រូវរើសពូជឲ្យបានល្អ ដើម្បីលក់ទៅឲ្យបានថ្លៃ។ ធ្វើនយោបាយក៏ដូចគ្នា ត្រូវជ្រើសរើសអ្នកស្នេហាជាតិ ពិតប្រាកដ ទើបជាតិអភិវឌ្ឍន៍រុងរឿង។

លោកពន្យល់ប្រជាពលរដ្ឋថា ប្រសិនបើរដូវធ្វើស្រែបងប្អូន នាំគ្នាធ្វើស្រែទោះស្រូវចុះថ្លៃ ក៏បានស្រូវហូបដែរ តែបើស្រូវឡើងថ្លៃវិញ គឺបានស្រូវលក់ ប៉ុន្តែអ្នកមិនបានធ្វើ គឺអត់មានស្រូវលក់សោះ ដូចគ្នានឹងការបោះឆ្នោតដែរ បើអ្នកបានទៅបោះឆ្នោត អ្នកមានសិទ្ធិគ្រប់គ្រាន់ទោះបីនៅបក្សណាក៏ដោយ ព្រោះអាចប្រាប់គេថាខ្លួនបានបោះឆ្នោត មានសិទ្ធិស្នើឲ្យមានការកែប្រែនូវអ្វីដែលខ្លួនចង់បាន ប៉ុន្តែបើមិនទៅបោះឆ្នោតវិញ គឺគ្មានសិទ្ធិអ្វីឡើយ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី សេរី កុសល ក៏បានផ្តល់ជូនសារុងប្រជាពលរដ្ឋម្នាក់មួយ រួមទាំងរៀបចំហូបនំបញ្ចុកជាមួយគ្នាប្រកបដោយភាពកក់ក្តៅ៕