(ព្រះវិហារ)៖ អភិបាលខេត្ត និងជាប្រធានសមាគមអ្នករត់ម៉ូតូឌុបខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានប្រកាសលើកទឹកចិត្តដល់សមាជិកទាំងអស់ របស់សមាគមអ្នករត់ម៉ូតូឌុប គឺការជួសជុលម៉ូតូដោយឥតគិតថ្លៃ និងការព្យាបាលជំងឺក៏ឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមណ្ឌលសុខភាពនានា។

ការប្រកាសដំណឹងល្អនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាគមអ្នករត់ម៉ូតូឌុបជាង១០០នាក់ នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។

លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា បងប្អូនដែលចូលជាសមាជិកសមាគមអ្នករត់ម៉ូតូ ទទួលបានអត្ថប្រយោជន៍ច្រើនពីសមាគមដូចជា៖ ការចូលជាសមាជិកសមាគម គឺមិនតម្រូវឲ្យបង់ប្រាក់ឡើយ ចេញបណ្ណ័សម្គាល់ខ្លួនសមាជិក ពិសេសជាងនេះ គឺការព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្ត១៦ មករា ក៏ដូចជានៅតាមមណ្ឌលសុខភាពនានា ជួសជុលម៉ូតូដោយឥតគិតថ្លៃ និងការធានាលើផ្នែកច្បាប់ផងដែរ។ ករណីនេះដោយគ្រាន់តែសមាជិកម្នាក់ៗ បង្ហាញបណ្ណសម្គាល់ខ្លួនប៉ុណ្ណោះ។

ជាមួយគ្នានេះផងដែរ លោក អ៊ុន ចាន់ដា ក៏បានណែនាំឲ្យមន្ទីរសុខាភិបាលខេត្ត ត្រូវបិទបណ្ណសមាជិកសមាគមអ្នករត់ម៉ូតូឌុបនៅតាមមន្ទីរពេទ្យ និងមណ្ឌុលសុខភាពចាប់ពីថ្ងៃទី១៨ ខែមិថុនា ផងដែរ ដើម្បីបង្ករលក្ខណៈងាយស្រួលឲ្យលោកគ្រូពេទ្យគាត់បានដឹង។

លោកអភិបាលខេត្ត អ៊ុន ចាន់ដា ក៏បានសំណូមពរតែម្យ៉ាងគត់ដល់បងប្អូន ដែលជាសមាជិកសមាគមអ្នករត់ម៉ូតូឌុប ត្រូវផ្តល់ព័ត៌មានទាំងឡាយណា ដែលប៉ះពាល់ដល់សន្តិសុខសង្គម ដូចជា គ្រឿងញៀន ល្បែងស៊ីសង.....ជាដើមមក សមត្ថកិច្ច ដោយសមត្ថកិច្ច នឹងចាត់ការដោយសម្ងាត់មិនប៉ះពាល់ដល់បងប្អូននោះទេ។ ស្របពេលនិងការបោះឆ្នោតជិតចូលមកដល់ លោកក៏អំពាវនាវឲ្យបងប្អូនយើង អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយមិនត្រូវជឿតាមការអូសទាញ តាមការញុះញុងរបស់ជនអគតិនោះទេ។ ការបោះឆ្នោតលើកនេះសំខាន់ណាស់ មិនត្រឹមតែជ្រើសរើសតំណាងរាស្ត្រទេ គឺយើងជ្រើសរើសនាយករដ្ឋមន្ត្រីដឹកនាំប្រទេសជាតិ។

លោក អ៊ុន ចាន់ដា ក៏បានសំណូមពរឲ្យសមាជិកយយើងគ្រប់ៗរូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវជៀសឲ្យឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសត្រូវចូលរួមជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពផងដែរ៕