(កណ្ដាល)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកលើកដែក និងជាអនុប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ប្រជាការពារ សរុបចំនួ​នប្រមាណជាង៥៤០នាក់ ក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

ពិធីសំណេះសំណាលនោះ រៀចបំឡើងនៅទីស្នាក់ការគណបក្សប្រជាជន ស្រុកលើកដែក​ ខេត្តកណ្តាល។

ថ្លែងទៅកាន់កម្មករ កម្មការិនី លោក ហេត រតនា បានលើកឡើងថា កម្មករ កម្មការិនីបានយល់ដឹងច្រើន ពីកាវិវត្តន៍ប្រកបដោយវិជ្ជមាន ដែលជាការផ្លាស់ប្តូរប្រកបដោយក្តីសង្ឃឹម​ និងអត្ថប្រយោជន៍​ សម្រាប់កម្មករ-​កម្មការិនីទាំងអស់​ ទាំងស្ថានភាពប្រាក់ឈ្នួល ​និងការគាំពារសំណាញ់សុខាមាភាពសង្គម ផលផ្លែផ្កាទាំងអស់នេះ​ ជាការខិតខំ និងគិតគូររបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល​ ដែលតែងតែគិតគូរចំពោះសង្គមគ្រួសារ​ ជីវភាពរបស់កម្មករ-កម្មការិនីផងដែរ»។

លោកបានធើ្វការវាយតម្លៃខ្ពស់​ អំពីលទ្ធផលការងារ ដែលអាជ្ញាធរមូលដ្ឋានសម្រេចបាន​ គឺផ្តើមចេញពីការខិតខំប្រឹងប្រែងរួមគ្នា​ ជម្នះរាល់ការលំបាក​ បំពេញតាមតួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

ក្នុងពិធីនោះ លោកបានបញ្ជាក់យ៉ាងលំអិតថា ក្នុងឧបាយកល​ល្បិចកល របស់ក្រុមប្រឆាំង​ (អតីត​ CNRP) រាល់ទង្វើក្បត់ជាតិ​របស់​លោក កឹម​ សុខា​ និង​លោក សម​ រង្ស៊ី អំពីអ្វីជាបដិវត្តន៍ពណ៌ ចរិកលក្ខណៈនៃបដិវត្តន៍ពណ៌ និងការនាំមកនូវភាពមហន្តរាយបណ្តាល មកពីការធ្វើបដិវត្តន៍ពណ៌។

លោក ហេង រតនា បានពន្យល់កម្មករ កម្មការិនី ចៀសវាងការជឿតាមការញុះញុង របស់ក្រុមជនអគតិមួយចំនួន ដែលកំពុងប្រើប្រាស់ឧបាយកលមួលបង្កាច់បង្ខូច និយាយអាក្រក់ លើកការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីតែផលប្រយោជន៍របស់ពួកគេ និងក្រុមរបស់គេ។

លោកក៏បានផ្តាំផ្ញើ ដល់សមាជិក សមាជិកាទាំងអស់ ត្រូវចូលរួមការពារសន្តិភាព​ ពង្រឹងនិតិរដ្ឋ​ ការរក្សាសុវត្ថិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​ ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ដើម្បីធានាបាន​បរិយាកាសបោះឆ្នោត​ មានដំណើរការ​ប្រកបដោយជោគជ័យ និងចូលរួមនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ក្នុងពិធីនេះដែរ លោក ហេង រតនា ក៏បានផ្ដល់ជូនកម្មករ-កម្មការីនីប្រមាណជាង៥៤០នាក់ ក្នុងម្នាក់ៗ ទទួលបាន២ម៉ឺនរៀល និងស្រ្តីមានផ្ទៃពោះចំនួន១១នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល និងចំណាយផ្សេងៗមួយចំនួនទៀត។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះ លោក ហេង រតនា ក៏បានបន្តចុះសំណេះសំណាល មួយសមាជិក-សមាជិកា របស់គណបក្សប្រជាជន នៅក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែកប្រមាណ៣០០នាក់ និងបានចែកប័ណ្ណគណបក្សជូនប្រជាពលរដ្ឋផងដែរ៕