(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានថ្លែងថា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យកាន់តែមានសកម្មភាព ផុលផុសបន្ថែមទៀត ប្រជាការពារភូ​មិត្រូវសហការជាមួយសមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរដែនដីក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យ បានល្អប្រសើរជូនប្រជាពលរដ្ឋ។

លោកថ្លែងបែបនេះនៅថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ២០១៨ ក្នុង​ឱកាសអញ្ជើញចូលរួមសំណេះសំណាល និងចែកឯកសណ្ឋាន ប្រជាការពារសកម្មទាំង១៤ភូមិ ក្នុងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោកអនុប្រធានសេនាធិការ លោកអធិការ អធិការរង នាយ នាយរងផ្នែក និងប្រជាការពារសកម្មសរុប៩៩នាក់ (ប្រជាការពារ ៨២ នាក់)។

លោកឧត្តមសេនីយ៍ទោ កឹង ឃន បានថ្លែងបន្តទៀត​ថា ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាព ក្នុង​មូលដ្ឋាន​កាន់តែ​រឹង​មាំ​ក្នុង​ការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ បាន​រៀបចំ​បង្កើត​កម្លាំង​ប្រជា​ការពារ​នេះ​ឡើង​ ដើម្បី​ចូលរួម​ការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន។

លោកក៏​បាន​បញ្ជាក់​ជូន​អំពី​ តួនាទី​ភារកិច្ច​របស់​កម្លាំង​ប្រជា​ការពារ​ថា កម្លាំង​ប្រជា​ការពារ​គឺជា​កម្លាំង​ស្ម័គ្រចិត្ត​ក្នុង​ការ​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ប៉ុស្តិ៍​រដ្ឋបាល​ក្នុង​ការ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ហើយរាល់​កើត​មាន​សភាពការណ៍​នៃ​បទល្មើស​ជាក់ស្តែង​កម្លាំង​ប្រជា​ការពារ​គឺ​ត្រូវ​មាន​ភារកិច្ច​បង្ក្រាប​ចាប់​ជន​ប្រព្រឹត្ត​ល្មើស​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ ឬ​សមត្ថកិច្ច​កង​រាជ​អាវុធ ដើម្បី​មាន​វិធានការ​ក្នុង​ការ​សាកសួរ​ចម្លើយ និង​រៀបចំ​សំណុំរឿង​តាម​និ​តិ​វិធី​ច្បាប់។

ក្នុងពិធីនោះលោកឧត្ដមសេនីយ៍ទោ កឹង ឃន ក៏បានចែកជូនឯកសណ្ឋានដល់ប្រជាការពារចំនួន៨២នាក់ ក្នុងម្នាក់ៗទទួលបានឯកសណ្ឋាន១កំផ្លេរ ថវិកា១ម៉ឺនរៀល និងបានឧបត្ថម្ភ ម៉ាស៊ីនកុំព្យូទ័រ១គ្រឿង និងព្រីនធ័រ១គ្រឿង ដល់ការអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ៕