(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានក្រុមការងារថ្នាក់ជាតិ ​ចុះជួយស្រុកបរសេដ្ឋ បានថ្លែងថា កិច្ចព្រមព្រៀងសន្តិភាពប៉ារីស មិនទាន់បានធ្វើឲ្យ​ មានសន្តិភាពទាំងស្រុងនោះទេ ប៉ុន្តែកិច្ចព្រម​ព្រៀងសន្តិភាពប៉ារីស បានតម្រូវឲ្យមានការបោះឆ្នោត ហើយក៏បានតម្រូវថា មិនឲ្យមានការលូកដៃពីបរទេស ចូលកិច្ចការផ្ទៃក្នុងនៅកម្ពុជា​ដែរ ដោយយើងបានសុខសន្តិ ភាពរយៈពេល២០ឆ្នាំមកនេះ គឺដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដែលបានសម្រេចដាក់ចេញ នូវគោលនយោបាយនេះ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៨។

ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្ត្រី បានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ៦កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ ការគណបក្សប្រជាជនកម្ពុជា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងឱកាសដែលលោក ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា មន្រ្តីរាជការ គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធទាំង៣ នៅទូទាំងស្រុកបរសេដ្ឋ។ ក្នុងនោះក៏មានការ ចូលរួមពីសំណាក់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និង​ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាប្រធាន អនុប្រធាន សមាជិក ក្រុម ការងារចុះជួយឃុំក្នុងស្រុកបរសេដ្ឋ លោកអភិបាល អភិបាលរងស្រុក និងមន្ត្រីសាលាស្រុកបរសេដ្ឋ ផងដែរ។

បន្ទាប់ពីស្តាប់របាយការណ៍ លោកអភិបាលស្រុករួចមក លោក យឹម សុខុម បានថ្លែងថា លោកទេសរដ្ឋមន្ត្រី និងក្រុមការងារបានចុះមកធ្វើការ និងជួបប្រជាពលរដ្ឋជាប្រចាំ ដែលជាការចិញ្ចឹមចលនា មិនមែនដូចក្រុមប្រឆាំង ដែលចុះមកតែពេលបោះឆ្នោតនោះទេ។ អ្នកបរសេដ្ឋរៀនពូកែណាស់។ ឥឡូវគ្រូនៅកំពង់ស្ពឺ គឺអ្នកបរសេដ្ឋ ដណ្តើមបានកន្លែងច្រើនជាងគេ។ លោកបានបន្តថា ក្នុង​ដំណើរជាតិកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន យើងទទួលបាន​ដូចជា ១) ខឿនការពារជាតិរឹងមាំ, ២) ប្រជាធិប តេយ្យសេរីពហុបក្ស (នៅតែដំណើរការនិងរក្សាបាន), ៣) ការបង្រួបបង្រួមជាតិ, ៤) ការអភិវឌ្ឍសេដ្ឋកិច្ចដោយឥតឈប់ ឈរ (ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងត្រូវបានចាត់ទុកជាប្រទេសទី៦ ដែលមានសេដ្ឋកិច្ចរីកលូតលាស់ លឿនបន្ទាប់ពីសង្រ្គាម មានកំណើនសេដ្ឋកិច្ច ៧%ជាប់គ្នា១ទសវត្ស ប្រាក់ចំណូលកើនដល់ ១៤៣២ ដុល្លារ នៅឆ្នាំ២០១៧ ហើយការកាត់បន្ថយភាពក្រីក្រ ត្រូវបានកាត់បន្ថយពី ៥៤% នៅឆ្នាំ២០០៤ មកនៅត្រឹម១៣% នៅឆ្នាំ២០១៦)។

បន្ទាប់មក លោកទេសរដ្ឋមន្ត្រីបានថ្លែងថា យើងសព្វថ្ងៃលែងក្រទៀតហើយ។ យើងក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតទាបចាប់ពីឆ្នាំ២០១៦។ មានអ្នកលើកឡើងថាយើងក្រ គឺដោយសារតែយើងជំពាក់លុយគេ។ អ្នកជំពាក់លុយគេមិនប្រាកដថា ជាអ្នកក្រទេ ព្រោះថាបើយើងក្រ គេមិនឲ្យលុយខ្ចីទេ។ យើងសព្វថ្ងៃនៅក្នុងសភាព ការណ៍មួយដែលមានការរីកចម្រើនហើយ។ បើនិយាយពីប្រទេសនៅក្នុងអាស៊ាន សិង្ហបុរីជំពាក់គេច្រើនជាងគេ។ កាលណាស្រុកយើងកាន់តែរីកចម្រើន យើងត្រូវការខ្ចីលុយគេ មកកសាងប្រទេស។

យើងនឹងបន្តបានសុខសប្បាយ និងមានការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ រាជរដ្ឋាភិបាលបាននិងកំពុងដឹកនាំ ឲ្យមានការផ្លាស់ប្តូរ ដោយ ១) ធ្វើការអភិវឌ្ឍសេដ្ឋកិច្ច,​ ២) កែលម្អហេដ្ឋា រចនាសម្ព័ន្ធ, ៣) កែលម្អប្រព័ន្ធអប់រំដោយការពង្រឹងគុណ ភាពក្នុងការបណ្តុះបណ្តាល និងការប្រឡង, ៤) កែលម្អប្រព័ន្ធប្រាក់បៀវត្ស ដោយការដំឡើងប្រាក់ខែ ជូនមន្រ្តីរាជការលោកគ្រូអ្នកគ្រូ ២ដងក្នុងមួយឆ្នាំ និង៥) ការផ្តល់របបសន្តិសុខសង្គមដល់មន្ត្រីរាជការ និងកម្មករ។ នេះហើយជាការផ្លាស់ប្ដូរ ដែលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បាននិងកំពុងធ្វើជាក់ស្តែង។

ប្រទេសយើងសព្វថ្ងៃ ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយយើងបានរៀបចំការបោះឆ្នោតជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង។ ចំណុចសំខាន់នៅត្រង់ថា យើងទាំងអស់ គ្នាស្រឡាញ់ប្រជាធិបតេយ្យ ដូច្នេះ ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ មកដល់ម៉ោងនេះ មិនមានអ្វីប៉ះពាល់ដល់ដំណើរការបោះឆ្នោតទេ កុំជឿតាមការឃោសនាអកុសល របស់ជនបោកប្រាស់នៅក្រៅស្រុក។ បើមិនទៅបោះឆ្នោត គឺមិនមានបញ្ហាទេ។ តែកុំរារាំងគេមិនឲ្យទៅបោះឆ្នោត និងកុំយកម្រាមដៃជ្រលក់ថ្នាំលាបសក់។ អំពើទាំងនេះនឹងទទួល រងការផាកពិន័យជាប្រាក់ និងទទួលរងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ផងដែរ។

​លោកទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើ ដល់លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា មន្ត្រីរាជការ គ្រូពេទ្យ និងកងកម្លាំងទាំង៣ ដែលសមាជិកអង្គពិធីទាំងអស់ថា នៅថ្ងៃទី២៩ ខែ កក្កដា យើងនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយត្រូវគូសឲ្យចំលេខរៀងទី២០ ដែលមានរូបទេវតាបាចផ្កា។

ជាមួយគ្នានេះ នៅរសៀលថ្ងៃទី១៨ ខែមិថុនាដដែលនោះ លោកទេសរដ្ឋមន្ត្រី រួមជាមួយក្រុមការងារបានជួបសំណេះសំណាល ជាមួយសមាជិកគណបក្ស ចំនួន៣១៥នាក់ មកពីភូមិតាធម្ម និងត្រពាំងផ្លុង នៅវត្តតាធម្ម។ លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនសមាជិក ដែលចូលរួមទាំងអស់ថា ដោយសារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ឥឡូវដីនៅបរសេដ្ឋ និងទូទាំងប្រទេសបន្តឡើង​ថ្លៃ ដោយមិនរង់ចាំសភាពការណ៍បោះឆ្នោត ដូចកាលពីមុនទេ។ យើងទៅបោះឆ្នោត ដោយសារយើងប្រកាន់យករបបប្រជាធិបតេយ្យ។ ​យើងជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសម្តេចតេជោ បន្តកាន់អំណាចជានាយករដ្ឋមន្ត្រី យើងបន្តមានសុខសន្តិភាព និងការអភិវឌ្ឍ៕