(ភ្នំពេញ)៖ ធនាគារស្ថាបនា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះកិច្ចព្រមព្រៀងផ្ដល់សេវាកម្ម ផ្ទេរប្រាក់ទូទាត់ពិភពលោក របស់ Western Union មកកាន់បណ្ដាសាខារបស់ខ្លួនទូទាំងប្រទេស។ តាមរយៈសេវាកម្មនេះ អតិថិជនអាចធ្វើការផ្ញើ និងទទួលប្រាក់ បានយ៉ាងឆាប់រហ័សទូទាំងប្រទេសកម្ពុជា។

ប្រធាននាយកប្រតិបត្តិធនាគារស្ថាបនា លោក KATO Norihiko បានថ្លែងថា «យើងមានសេចក្ដីរីករាយ ដែលបានសហការជាមួយ Western Union ដែលអនុញ្ញាតឲ្យ អតិថិជនរបស់យើងអាចតភ្ជាប់ ទំនាក់ទំនងគ្នាទៅវិញទៅមក ស្ទើរគ្រប់ប្រទេសនៅលើពិភពលោក រួមទាំងក្នុងស្រុកផងដែរ»

លោក KATO Norihiko បន្ថែមទៀតថា «ការផ្ដល់ជូនអតិថិជននូវភាពងាយស្រួល និងភាពជឿជាក់ របស់ Westurn Union មានសារៈសំខាន់ចំពោះយើង ហើយយើងមានមោទនភាពក្នុង ការពង្រីកវិសាលភាព សេវាកម្មរបស់យើង»

លោកថា បច្ចុប្បន្នមានប្រជាជនកម្ពុជា ជាង១លាននាក់ កំពុងបម្រើការងារនៅបរទេស ដែលភាគច្រើននៅក្នុងប្រទេសថៃ។ ពលករកម្ពុជា ក៏មាននៅក្នុងប្រទេសផ្សេងៗទៀតផងដែរ មានដូចជា ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុន។

បើយោងតាមសៀវភៅកំណត់ត្រា នៃការធ្វើចំណាក់ស្រុក និងការផ្ទេរប្រាក់របស់ធនាគារពិភពលោក (World Bank) ឆ្នាំ២០១៦ ប្រទេសកម្ពុជា គឺជាប្រទេសទទួលបា្រក់ពីបរទេសធំជាងគេ លំដាប់ទី៨ នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយមានចំនួន ០,៩ ពាន់លានដុល្លារអាមេរិក។

លោក Arish Shrestha នាយកតំបន់ Western Union ប្រចាំតំបន់ឥណ្ឌូចិន បានថ្លែងថា «ប្រាក់ដែលបានផ្ញើដោយពលរដ្ឋកម្ពុជា រស់នៅក្រៅប្រទេស ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងក្រុមគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល»

លោកបន្ដថា ខណៈដែលមានប្រជាជនកម្ពុជា កាន់តែច្រើនស្វែងរកការងារធ្វើ នៅឯក្រៅប្រទេស ដើម្បីរកប្រាក់មកចិញ្ចឹមក្រុមគ្រួសាររបស់ពួកគេ នៅឯស្រុកកំណើតវិញ។ ការបេជ្ញាចិត្ត របស់យើងគឺធ្វើយ៉ាងណា បន្តពង្រីកវិសាលភាពនៃដំណើរការសេវាផ្ញើប្រាក់ពីក្រៅ ប្រទេសក៏ដូចជាននៅក្នុងប្រទេស ឲ្យកាន់តែមានភាពងាយស្រួល។

លោក Shrestha បានបន្ថែមថា «យើងសូមស្វាគមន៍ធនាគារ ស្ថាបនា មកកាន់គ្រួសារ Western Union និងជឿជាក់ថាវិសាលភាព នៃបណ្ដាញសាខារបស់ពួកគេ នឹងផ្ដល់ភាពងាយស្រួល សម្រាប់សេវាកម្មផ្ទេរប្រាក់ ទាំងក្នុងស្រុក និងក្រៅស្រុក»

លោក Shrestha បានបញ្ជាក់ថា ភាពជាដៃគូ ជាមួយនឹងធនាគារស្ថាបនានេះ មិនត្រឹមតែអាចបំពេញតម្រូវការហិរញ្ញវត្ថុ របស់អតិថិជនបានប៉ុណ្ណោះទេ ថែមទាំងជួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសផងដែរ៕