(ប៉ៃលិន)៖ កម្លាំងអាវុធហត្ថខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់ លោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នោះ បានចុះបង្រ្កាបទីតាំងភ្នាល់បាល់ខុសច្បាប់១កន្លែង ​នៅភូមិវត្ត​ សង្កាត់បៃលិន​ ក្រុងប៉ៃលិន ដោយដកហូតវត្ថុតាងមួយចំនួន និងឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអ្នកមើលការខុសត្រូវនៅទីនោះ។ ប៉ុន្តែនៅថ្ងៃទី២១ ខែមិថុនានេះ ជនសង្ស័យនោះ ស្រាប់តែគេឃើញកំពុងដើរហើរយ៉ាងមានសេរីភាពទៅវិញ ក្រោយពេលបញ្ជូនទៅដល់តុលាការ។

តាមការអះអាងរបស់ មន្រ្តីដែលចូលរួម ក្នុងប្រតិបត្តិការខាងលើ បានឱ្យដឹងថា​ ជនសង្ស័យជាមេការមើលការខុសត្រូវទីតាំងភ្នាល់បាល់ខុសច្បាប់ខាងលើនេះ មានឈ្មោះ ទូច ពុធរស្មី អាយុ២១ឆ្នាំ។ ចំណែកវត្ថុតាង ដែលកម្លាំងអាវុធហត្ថដកហូតបាននោះរួមមាន បុងកត់បាល់មួយចំនួន​ កុំព្យូរទ័រ​៦គ្រឿង​ ប្រាក់​៤លានរៀល ​និងប្រាក់ដុល្លារចំនួន២០០ដុល្លារផងដែរ។

ក្រោយបង្ក្រាបបទល្មើសនេះរួច កម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿងទៅកាន់ អយ្យការអមសាលាដំបូងខេត្តបៃលិន​ ហើយតំណាងអយ្យការ ក៏បានចោទប្រកាន់ ឈ្មោះ​ ទូច​ ពុធរស្មី​ និងឈ្មោះ​ វ័រ​ ដែលរស់នៅបាត់ដំបងពីបទ​​បើកល្បែងស៊ីសង តាមមាត្រា​៥​ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។ បទនេះប្រឈមនឹងការជាប់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ​ និងពិន័យប្រាក់ពី ៥លានដល់២០លានរៀល។ ក្រោយពេលចោតប្រកាន់រួច តំណាងអយ្យការបានបញ្ជូនជនសង្ស័យទៅកាន់ចៅក្រមស៊ើបសួរ គឺលោក លាង សួគ៍ ដែលមានតួនាទីជាប្រធានតុលាការខេត្តប៉ៃលិនផងដែរ។

មន្រ្តីដែលចូលរួម ក្នុងប្រតិបត្តិការខាងលើ បានបញ្ជាក់ថា យ៉ាងណាម៉ិញ បន្ទាប់ពីបញ្ជូនទៅដល់ចៅក្រមស៊ើបសួរនោះ លោក លាង សួគ៍ បានសម្រេចមិនឃុំខ្លួន ជនសង្ស័យនោះទេ ហើយជនសង្ស័យពេលនេះ ដើរហើរយ៉ាងសប្បាយរីករាយ ហាក់បញ្ឈឺដល់កម្លាំង ដែលចំណាយពេលវេលាចុះបង្រ្កាបថែមទៀតផង។

ពាក់ព័ន្ធករណីនេះ អង្គភាព Fresh News មិនទាន់អាចសុំការបំភ្លឺពី លោក លាង សួគ៌ ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តប៉ៃលិន ដែលជាអ្នកសម្រេចដោះលែង ជនសង្ស័យខាងលើបាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅក្រុងដូនកែវ ខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវមិនឱ្យមានការភ្នាល់បាល់នោះទេ កុំថាឡើយបើកកន្លែងចាក់បាល់នោះ ទោះបីជាពេលនេះ ជារដូវប្រកួតបាល់ទាត់លំដាប់ពិភពលោក World Cup ក៏ដោយ៕