(ភ្នំពេញ)៖ ដើម្បីឱ្យសិស្ស-និស្សិត ដែលសិក្សាជំនាញទេសចរណ៍ មានឱកាសស្វែងយល់អំពីប្រព័ន្ធកម្មសិក្សា ( Internship) ក្នុងវិស័យទេសចរណ៍ និងក្រេបយកបទពិសោធន៍ល្អពីស្ថាប័ន ដែលខ្លួនចុះកម្មសិក្សានោះ ពេលនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយក្រសួងទេសចរណ៍ និងផ្នែកឯកជនមួយចំនួនទៀត បានរៀបចំកម្មវិធីកម្មសិក្សា - Internship នៅក្នុងវិស័យទេសចរណ៍ ដោយបង្កើតនូវ Platform មួយសម្រាប់សម្របសម្រួល និងផ្តល់ឱកាសឱ្យសិស្ស-និស្សិតអាចស្វែងរកឱកាសកម្មសិក្សាខ្លីៗ នៅតាមមូលដ្ឋាន អាជីវកម្មទេសចរណ៍ជាដៃគូ។

ការបង្កើតកម្មវិធីដ៏សំខាន់នេះឡើង គឺដើម្បីអនុវត្តតាមយុទ្ធនាការនៃ «បុគ្គលិកម្នាក់ ជំនាញមួយ» ក៏ដូចជាចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងយោងលទ្ធផលថ្ងៃវេទិកាជាតិទេសចរណ៍ លើកទី១ ក្រោមប្រធានបទ «យុវជន និងទេសចរណ៍» កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ដែលក្នុងនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា «ខ្ញុំសូមគ្រាំទ្រលើការដាក់ចេញកម្មវិធីកម្មសិក្សា - Internship ក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យសិស្ស-និស្សិត ដែលសិក្សាជំនាញទេសចរណ៍ មានឱកាសស្វែងយល់អំពីប្រព័ន្ធកម្មសិក្សា ( Internship) ក្នុងវិស័យទេសចរណ៍។

សូមបញ្ជាក់ថាកម្មវិធីកម្មសិក្សា - Internship ក្នុងវិស័យទេសចរណ៍នេះ ត្រូវបានដាក់បង្ហាញ ក្នុងសន្និសីទអន្តរជាតិលើកទី២ ស្ដីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន ក្រោមប្រធានបទ៖ អភិវឌ្ឍធនធានមនុស្ស ដើម្បីការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព» នាថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ។

យោងតាម លោក ណេប សាមុត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទេសចរណ៍ និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានបញ្ជាក់ថា ភាគីពាក់ព័ន្ធអាចចូលរួមក្នុងកម្មវិធីរួមមាន៖  

ទី១៖ សិស្ស-និស្សិតដែលមានបំណងស្នើសុំកម្មសិក្សា៖
* និស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ
* ឬកំពុងសិក្សាឆ្នាំទី២ ទី៣ ឬទី៤ ក្នុងមុខជំនាញទេសចរណ៍ គណនេយ្យ ធនាគារនិងហិរញ្ញវត្ថុ គ្រប់គ្រងធនធានមនុស្ស គ្រប់គ្រងធុរកិច្ច ជំនាញទីផ្សារ កុំព្យូទ័រ និងមុខជំនាញដទៃទៀតដែលមានឧបនិស្ស័យនឹងវិស័យទេសចរណ៍

ទី២៖ ស្ថាប័ន-ក្រុមហ៊ុនដែលទទួលកម្មសិក្សាការី៖ សហគ្រាសក្រុមហ៊ុននានា ដែលក្នុងនោះរួមមាន៖ សណ្ឋាគារ និងសេវាស្នាក់នៅ, ការីទេសចរណ៍, ទីភ្នាក់ងារទេសចរណ៍, រមណីយដ្ឋានទេសចរណ៍, សេវាកម្មមណ្ឌលកម្សាន្តមនុស្សពេញវ័យ និងសេវាកម្មកីឡាទេសចរណ៍ជាដើម អាចចូលរួមនៅក្នុងកម្មវិធី“កម្មសិក្សាក្នុងវិស័យទេសចរណ៍” នេះ ដែលជាការចូលរួមដល់កិច្ចការងារសង្គម និងក៏ដូចជាការងារពង្រឹង និងផ្តល់ឱកាសដល់យុវជនបានការបណ្តុះបណ្តាលសមត្ថភាពផង។

កម្មវិធី «កម្មសិក្សាក្នុងវិស័យទេសចរណ៍» ក៏បានប្រកាសដល់ប្រតិបត្តិករទេសចរណ៍ យុវជន និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីនេះ ក៏ទំនាក់ទំនងមកតាមរយៈតំណភ្ជាប់ (Link) ដូចខាងក្រោម៖

១៖ សម្រាប់ព័ត៌មានបន្ថែម  http:/cambodiainternship.org/kh/
២៖ សម្រាប់ស្ថាប័ន-ក្រុមហ៊ុនដែលមានបំណងទទួលកម្មសិក្សាការី អាចចុះឈ្មោះតាមរយៈ http://cambodiainternship.org/kh/registerc
៣៖ សម្រាប់សិស្ស-និស្សិតដែលមានបំណងស្នើសុំកម្មសិក្សា
អាចចុះឈ្មោះតាមរយៈ http://cambodiainternship.org/kh/registers

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកកម្ពស់វិស័យទេសចរណ៍នេះ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសបិទសន្និសីទអន្តរជាតិលើកទី២ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន» នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវដល់ ធនាគារឯកទេសនានា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅក្នុងប្រទេសកម្ពុជា ចូលរួមលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការផ្តល់ប្រាក់កម្ចីការប្រាក់ទាប ដល់និស្សិតខ្មែរដើម្បីរៀនជំនាញទេសចរណ៍ផងដែរ៕