(ម៉ូស្គូ)៖​ ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូក្នុងនោះមាន៖ ដាណឺម៉ាក ស្មើគ្នា ១-១ ជាមួយអូស្រ្តាលី ចំណែកបារាំង​ កក់កៅអីទៅវគ្គ១៦ក្រុម​ ដោយឈ្នះ​ប៉េរូ​ ខណៈអាហ្សង់ទីន ចាញ់ ក្រូអាត ៣-០។

ទី១៖ ដាណឺម៉ាក ស្មើគ្នា ១-១ ជាមួយអូស្រ្តាលី

ក្រុមបាល់ទាត់ដាណឺម៉ាក​ បន្តរកបាន១ពិន្ទុបន្ថែម​ បន្ទាប់ពីមិនអាចរកជ័យជម្នះលើក្រុមបាល់ទាត់អូស្រ្តាលី ដោយធ្វើបានត្រឹមស្មើ (១-១) ប៉ុណ្ណោះ។ ដាណឺម៉ាក​ បានបើកការនាំមុខ១គ្រាប់មុនតាំងពីនាទីទី៦ តែត្រូវបានក្រុមពីទ្វីបអាស៊ី​ អូស្រ្តាលី​ តាមស្មើវិញនៅនាទីទី៣៣​ ដោយបាល់ប៉េណាល់ទី (ពិន័យ១១ម៉ែត្រ)។
ការរកបាន ១ពិន្ទុបានធ្វើឲ្យដាណឺម៉ាក​ រកបាន ៤ពិន្ទុឡើងទៅឈរនៅកំពូលតារាងនៃពូល​ C ជាបណ្តោះអាសន្ន​។

ទី២៖ បារាំង​ ឈ្នះក្រុមជម្រើសជាតិ ប៉េរូ

១គ្រាប់ជ័យជម្នះរបស់អតីតក្រុមជើងឯក​ World Cup 1998 បារាំង​ កើតឡើងនៅនាទីទី៣៨​ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធវ័យក្មេង​ Kylian Mbappe។ ជ័យជម្នះក្នុងប្រកួតទី២នេះ ធ្វើឲ្យក្រុមខ្លាំងមកពីទ្វីបអឺរ៉ុបមួយនេះ រកបាន ៦ពិន្ទុ​ ហើយក៏អាចឡើងទៅកាន់វគ្គ១៦ក្រុមដោយសុវត្ថិភាព ទោះបីប្រកួតក្រោយក្រុមគេត្រូវចាញ់ក៏ដោយនោះ។

៣៖ អាហ្សង់ទីន ចាញ់ ក្រូអាត យ៉ាងអាម៉ាស់ ៣-០

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន​ បានឈានមកដល់មាត់ជ្រោះ​ធ្លាក់ចេញពី​ World Cup 2018 ក្នុងពូល​ ក្រោយចាញ់ក្រុមនៅអឺរ៉ុប​ ក្រូអាត​ ៣-០​ ក្នុងវគ្គសន្សំពិន្ទុនៃពូល​ D។ ៣គ្រាប់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រូអាត ដែលស៊ុតទៅលើក្រុមរបស់​ Lionel Mess បានកើតឡើងនៅនាទីទី៥៣​, នាទីទី៨០​ និងនាទីទី​ ៩០+៣​ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ​ ៣៣១២៩នាក់។

តាមរយ:ជ័យជម្នះលើកទី២នេះ​ បានធ្វើឲ្យក្រូអាតក្លាយជាក្រុមទី៤​ ដែលបានកក់កៅអីទៅវគ្គ១៦​ក្រុម​ បន្ទាប់ពីអ៊ុយរ៉ាហ្គាយ​ បារាំង​ និងម្ចាស់ផ្ទះរុស្ស៊ី​ ហើយអាហ្សង់ទីន​ នឹងហាលអាវយ៉ាងប្រាកដ​ ប្រសិនបើអាយឡែន​ យកឈ្នះនីហ្សេរីយ៉ាស្អែកនេះ​ មុនពេលទប់ស្មើក្រូអាត​ ទោះអាហ្សង់ទីន​ ប្រកួតឈ្នះនៅថ្ងៃបញ្ចប់ក៏ដោយ​ ដែលត្រូវជួបនីហ្សេរីយ៉ានោះ៕