(ពិភពលោក)៖ ទម្រាំតែព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់លំដាប់ពិភពលោក FIFA World Cup អាចប្រព្រឹត្តទៅនៅសហព័ន្ធរុស្ស៊ីនាឆ្នាំ២០១៨នេះ រដ្ឋាភិបាលទីក្រុង ម៉ូស្គូត្រូវទន្ទឹងរង់ចាំ និងចំណាយពេលត្រៀមរៀបចំអស់រយៈពេល៨ឆ្នាំ បន្ទាប់ពីជាប់ឆ្នោតក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតកាលពីឆ្នាំ២០១០កន្លងទៅនេះ។

គិតត្រឹមឆ្នាំ២០១៨ នេះជាការប្រកួតលើកទី២១ និងមានរយៈ៨៨ឆ្នាំបន្ទាប់ពីការប្រកួតលើកដំបូង។ មុននឹងឈានមកដល់ដំណាក់កាលនេះ ដំណើរការនៃការរៀបចំការប្រកួត និងការជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះ ត្រូវបានផ្លាស់ប្តូរជាច្រើនលើកច្រើនសារ។

កាលពីមុន ការជ្រើសរើសប្រទេសជាម្ចាស់ផ្ទះ សម្រាប់រៀបចំការប្រកួតកីឡាលក្ខណៈអន្តរជាតិនេះ មានភាពចម្រូងចម្រាស និងមានការលំបាកជាខ្លាំង។ អ្វីដែលជាបញ្ហាចោទ ដោយសារតែពីមុន អាមេរិកខាងត្បូង និងអឺរ៉ុបជាតួអង្គសំខាន់នៃការប្រកួតនេះ ស្ថិតនៅឆ្ងាយគ្នាពេក។
ហេតុនេះកីឡាករត្រូវការពេលប្រមាណជាពីរទៅបីសប្តាហ៍ក្នុងការធ្វើដំណើរតាមនាវាពីដែនដីម្ខាងទៅកាន់ដែនដីម្ខាងទៀតរបស់ផែនដីដើម្បីចូលរួមការប្រកួត ហេតុនេះហើយទើបពួកគេចង់អោយការប្រកួតនេះរៀបចំឡើងក្នុងទ្វីបរបស់ខ្លួន។ បើវាចម្រូងចម្រាស់ ដោយសារតែប្រទេសនីមួយៗចង់ក្លាយជាម្ចាស់រៀបចំការប្រកួតរៀងៗខ្លួនបែបនេះ តើត្រូវដោះស្រាយដោយរបៀបណា?

រំឮកដល់ការរៀបចំការប្រកួតបាល់ទាត់ពិភពលោកជាលើកដំបូង ប្រទេស អ៊ុយរ៉ាហ្គាយ ដែលស្ថិតនៅអាមេរិកខាងត្បូង ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ ទើបធ្វើឱ្យការប្រកួតពេលនោះ មានតែប្រទេសអឺរ៉ុបចំនួនបួនប្រទេសប៉ុណ្ណោះ ដែលចូលរួមក្នុងការប្រកួត។ ដោយឡែកការប្រកួត World Cup ពីរលើកក្រោយទៀត បែរជាត្រូវបានលើកមករៀបចំនៅដែនដីអឺរ៉ុបទាំងពីរលើកជាប់គ្នា។ ការសម្រេចចិត្តបែបនេះត្រូវបានជំទាស់ដោយប្រទេសនៅអាមេរិចខាងត្បូង។ ហេតុនេះ ទើបធ្វើឱ្យក្នុងព្រឹត្តិការណ៍ប្រកួតកីឡា World Cup ឆ្នាំ១៩៣៨ ប្រទេស អ៊ុយរ៉ាហ្គាយ និងអាហ្សង់ទីន បានធ្វើពហិការមិនចូលរួមក្នុងការប្រកួត។

ដើម្បីជៀសវាងការធ្វើពហិការ ឬភាពចម្រូងចម្រាសផ្សេងទៀតកើតមានឡើងក្នុងដំណើរការជ្រើសរើសប្រទេសជាម្ចាស់ផ្ទះនាពេលអនាគត ទើបចាប់តាំងពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ១៩៥៨ សហព័ន្ធកីឡា FIFA បានចាប់ផ្តើមផ្លាស់ប្តូរទីតាំងនៃការប្រកួតរវាងទ្វីបអាមេរិក និងទ្វីបអឺរ៉ុបម្តងម្នាក់ ដែលដំណើរការនេះបន្តរហូតដល់ឆ្នាំការប្រកួតឆ្នាំ១៩៩៩។ ការប្រកួត World Cup ឆ្នាំ២០០២ ត្រូវបានរៀបចំរួមគ្នាដោយប្រទេស កូរ៉េខាងត្បូង និងជប៉ុន ដែលនេះគឺជាការប្រកួតបាល់ទាត់ដំបូងគេនៅអាស៊ី ហើយក៏ជាការប្រកួតដំបូងគេផងដែរ ដែលមានប្រទេសជាម្ចាស់ផ្ទះពីរប្រទេសបែបនេះ។

ប្រទេសអាហ្វ្រិកខាងត្បូងបានក្លាយជាប្រទេសអាហ្រ្វិកដំបូងគេដែលធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់World Cup ឆ្នាំ២០១០។ ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៤ ត្រូវបានប្រារព្ធឡើងនៅប្រទេស ប្រេស៊ីល ជាការប្រកួតនៅអាមេរិកខាងត្បូងជាលើកដំបូង រាប់ចាប់តាំងពីការប្រកួតឆ្នាំ១៩៧៨ដែលត្រូវបានរៀបចំឡើងនៅប្រទេសនៅអាហ្សង់ទីន ហើយក៏ជាលើកដំបូងដែរ ដែលការប្រកួតបាល់ទាត់ World Cup ត្រូវបានរៀបចំឡើងនៅខាងក្រៅពីដែនដីអឺរ៉ុប រហូតដល់ពីរលើកជាប់ៗគ្នា (ឆ្នាំ២០១០នៅអាហ្រិ្វកខាងត្បូង និង២០១៤ នៅប្រេស៊ីល។

បច្ចុប្បន្នការជ្រើសរើសប្រទេសម្ចាស់ផ្ទះ ត្រូវបានជ្រើសរើស ដោយក្រុមប្រឹក្សារបស់សហព័ន្ធកីឡា FIFA ដែលត្រូវបានដំណើរការប្រព័ន្ធបោះឆ្នោត។ សមាគមបាល់ទាត់ជាតិ នៃប្រទេសមួយដែលមានបំណងចង់ធ្វើជាម្ចាស់ផ្ទះ World Cup ត្រូវទទួល "កិច្ចព្រមព្រៀង" ពី FIFA ដែលពន្យល់អំពីជំហាន និងតម្រូវការ ក្នុងការដេញថ្លៃយ៉ាងស្វិតស្វាញ។ សមាគម រៀបចំដេញថ្លៃដើម្បីជ្រើសរើសប្រទេសជាម្ចាស់ផ្ទះ ត្រូវទទួលសំណុំបែបបទមួយដែលជាពាក្យស្នើបញ្ជាក់ជាផ្លូវការនៃប្រទេសដែលឈរឈ្មោះជាម្ចាស់ផ្ទះ។

បន្ទាប់មក ក្រុមអធិការកិច្ចក្រោមការចាត់តាំងរបស់ FIFA នឹងធ្វើទស្សនកិច្ចនៅប្រទេសឈរឈ្មោះ ដើម្បីបញ្ជាក់ថាប្រទេសទាំងនោះ អាចបំពេញតាមតម្រូវការដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះបានដែរឬទេ ព្រមទាំងធ្វើរបាយការណ៍ស្ដីពីស្ថានភាពនៃប្រទេសនោះ។ សូមជម្រាបថា ការសម្រេចចិត្តជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក ជាធម្មតាត្រូវបានធ្វើឡើងក្នុងរយៈពេលប្រាំមួយ ឬប្រាំពីរឆ្នាំមុនការប្រកួតដើម្បីអោយសាមីប្រទេស មានពេលវេលាគ្រប់គ្រាន់ក្នុងការត្រៀមរៀបចំទៅតាមអ្វីដែលបានចាត់តាំង។

យ៉ាងនេះក្តី ពេលខ្លះសេចក្តីប្រកាសអំពីប្រទេសដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះបន្តបន្ទាប់គ្នាក្នុងពេលខាងមុខ ត្រូវបានធ្វើឡើងក្នុងពេលតែមួយ ជាក់ស្តែងសេចក្តីប្រកាសឆ្នាំ២០១០កន្លងទៅនេះ បានឱ្យដឹងថា ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ នឹងត្រូវរៀបចំក្នុងប្រទេស រុស្ស៊ី ខណៈដែលកាលប្រកួតឆ្នាំ២០២២ ត្រូវចំលើកាតា។ សូមបញ្ជាក់ផងដែរថា ប្រទេស កាតា នឹងក្លាយជាប្រទេសមជ្ឈឹមបូព៌ាដំបូងគេ ដែលធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup។

សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១០ និង២០១៤ ការប្រកួតចុងក្រោយ ត្រូវបានផ្លាស់ប្តូររវាងប្រទេសក្នុងសហព័ន្ធ។ គោលនយោបាយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានវិវាទ ជុំវិញជ័យជម្នះរបស់ប្រទេស អាល្លឺម៉ង់លើអាហ្វ្រិកខាងត្បូង ក្នុងព្រឹត្តិការណ៍បោះឆ្នោតដើម្បីជ្រើសរើសម្ចាស់ផ្ទះរៀបចំការប្រកួតឆ្នាំ២០០៦។ យ៉ាងនេះក្តីគោលនយោបាយនៃផ្លាស់ប្តូររវាងទ្វីបអឺរ៉ុប និងអាមេរិក មិនបានបន្តទៀតឡើយ បន្ទាប់ពីការប្រកួតឆ្នាំ២០១៤ ដូច្នេះគ្រប់ប្រទេសទាំងអស់ (លើកលែងតែប្រទេសក្នុងសហព័ន្ធដែលធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពីរដងកន្លងមក)សុទ្ធតែអាចឈរឈ្មោះធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកចាប់ពីឆ្នាំ២០១៨តទៅ។
នេះគឺជាផ្នែកមួយដើម្បីចៀសវាងហេតុការណ៍ស្រដៀងនឹងការប្រកួតឆ្នាំ២០១៤កុំឱ្យកើតឡើងជាថ្មី ដោយពេលនោះមានតែប្រទេសប្រេស៊ីលប៉ុណ្ណោះ ដែលអាចមានសិទ្ធក្នុងការឈរឈ្មោះផ្លូវការតែមួយគត់។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្នុងការប្រកួតបាល់ទាត់ FIFA World Cup ឆ្នាំ២០២៦ នឹងត្រូវបានរៀបចំនៅសហរដ្ឋអាមេរិកកាណាដា និងម៉ិចស៊ិក ដែលនេះនឹងក្លាយជាការប្រកួតលើកដំបូង ដោយការប្រកួត World Cup ត្រូវរៀបចំដោយ៣ប្រទេសរួមគ្នា។ ការប្រកួតឆ្នាំ២០២៦នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រកួតកីឡា World Cup ដ៏ធំបំផុតដែលមិនធ្លាប់មានដោយនឹងមាន៤៨ប្រទេសចូលរួម ជាមួយនឹង៨០ការប្រកួត។ ក្នុងនោះ៦០ប្រកួត នឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក ចំណែកឯ២០ការប្រកួតទៀតត្រូវបានរៀបចំនៅប្រទេសកាណាដា និងម៉ិចស៊ិក។ ហេតុនេះការជ្រើសរើសប្រទេសជាម្ចាស់ផ្ទះនៃការប្រកួត អាចនឹងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ក្នុងពេលខាងមុខ ដោយសារការបត់បែនទៅតាមស្ថានភាពជាក់ស្តែងរបស់ ពិភពលោក៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា