(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងឱឡារឹកថា នាថ្ងៃទី២៩ ខែធ្នូ ចុងឆ្នាំ២០១៨ ខាងមុខនេះ កម្ពុជានឹងប្រារព្ធពិធីរំឭកអនុស្សាវរីយ៍នៃការបញ្ចប់សង្គ្រាម ២០ឆ្នាំ ដ៏គគ្រឹកគគ្រេងមួយនៅវិមានឈ្នះ-ឈ្នះ ដើម្បីបង្ហាញថា កម្ពុជាបានរំលត់សង្គ្រាមស៊ីវិលដោយជោគជ័យ តាមរយៈនយោបាយឈ្នះ-ឈ្នះដែលមានសម្តេចជាអ្នកដឹកនាំផ្ទាល់។

វិមានឈ្នះ-ឈ្នះដ៏ខ្ពស់ស្កឹមស្កៃនោះ មានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ នៃសង្កាត់​​ព្រែក​​តាសេក ខណ្ឌ​​ជ្រោយចង្វារ (ខាងត្បូងឈៀងខាងលិចពហុកីឡដ្ឋានជាតិ មរតកតេជោ)។ រីឯការកសាងវិមាននេះទៀតសោត ក៏កំពុងតែមមាញឹកញាប់ដៃញាប់ជើងផងដែរ ដើម្បីបង្ហើយការសាងសង់ឱ្យបានរួចរាល់មុនពិធីនេះចូលមកដល់។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញសម្ពោធសួនសត្វភ្នំពេញសាហ្វារី ដែលជាសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ ពោលគឺនៅមិនឆ្ងាយពីវិមានឈ្នះ-ឈ្នះនេះឡើយ។ ពិធីសម្ពោធសួនសត្វនេះ ធ្វើឡើងនាថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា គ.ស២០១៨។

សម្តេចតេជោបានថ្លែងថា ការប្រារព្ធពិធីរំឭកអនុស្សាវរីយ៍នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ២០ឆ្នាំនេះ គឺដើម្បីបង្ហាញប្រាប់ពិភពលោកថា មានតែកូនខ្មែរខ្លួនឯងទេ ដែលហ៊ានយកជីវិតធ្វើជាទុនរំលត់បញ្ចប់សង្គ្រាមស៊ីវិល តាមរយៈនយោបាយឈ្នះ-ឈ្នះ ព្រោះអំឡុងពេល២០ឆ្នាំមកនេះ គ្មានសង្គ្រាមស៊ីវិលណាមួយកើតឡើងនៅកម្ពុជានោះឡើយ។ ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមកម្សាន្តសប្បាយក្នុងពិធីនេះឱ្យបានច្រើនកុះករ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា ពេលនោះយើងនឹងធ្វើបុណ្យធំ ហើយយើងនឹងមានការកម្សាន្តសប្បាយរីករាយ ដោយសារឥលូវនេះ យើងអាចផលិតកាំជ្រួចបាញ់ខ្លួនឯងបានហើយ ហ្ចឹងខិតខំលៃយ៉ាងណា កាំជ្រួចបាញ់ឱ្យផ្អើលមេឃតែម្ដង ហើយសូមបងប្អូនមកចូលរួមរាំវង់ រាំក្បាច់ និយាយរួមលេងសប្បាយឱ្យណាណីម្ដង...យើងត្រូវធ្វើបុណ្យឱ្យធំ ដើម្បីបញ្ជាក់ថា កម្ពុជាបានរំលត់សង្គ្រាមដោយស្នាដៃកូនខ្មែរ តាមរយៈនយោបាយឈ្នះ-ឈ្នះ រយៈពេល២០ឆ្នាំ ដែលគ្មានការកើតឡើងវិញនូវសង្គ្រាមស៊ីវិលក្នុងប្រទេស»

សម្ដេចក៏បញ្ជាក់ដែរថា ដោយសារការប្រារព្ធពិធីនៅវិមានឈ្នះ-ឈ្នះនេះ គៀកនឹងពិធីបុណ្យសមុទ្រ ២០១៨ នៅខេត្តកោះកុង ហើយដោយសារពិធីរំឭកអនុស្សាវរីយ៍ នៅវិមានឈ្នះ-ឈ្នះ គៀកនឹងថ្ងៃចូលឆ្នាំសកលផងនោះ ទើបសម្ដេចបានសម្រេច និងជម្រាបទៅរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ឱ្យរៀបចំពិធីបុណសមុទ្រឱ្យចំពាក់កណ្ដាលខែធ្នូវិញ។

ខណៈស្នូរទះដៃអបអរសាទរបានបន្លឺឡើង សម្ដេចបានថ្លែងបន្តថា តំបន់សង្កាត់​​ព្រែក​​តាសេក ខណ្ឌ​​ជ្រោយចង្វារនេះ នឹងក្លាយជាតំបន់ទាក់ទាញទេសចរជាតិ-អន្តរជាតិ នឹងក្លាយជាតំបន់ប្រវត្តិសាស្ត្រនៃការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខ ពិសេសនឹងក្លាយជាតំបន់ប្រវត្តិតទៅមុខសម្រាប់ប្រជាជាតិកម្ពុជា នៃការបញ្ចប់សង្គ្រាមស៊ីវិល ដែលកាលពីសម័យសង្គ្រាម តំបន់អភិវឌ្ឍន៍សួនសត្វភ្នំពេញសាហ្វារីនេះ គឺជាតំបន់មួយដែលពួកខ្មែរក្រហមយកធ្វើជាទីតាំងស្តុកគ្រាប់ សម្រាប់វាយប្រហារចូលក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ។

សម្ដេចនាយករដ្ឋមន្ត្រីក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកឧកញ៉ា លី យ៉ុងផាត់ ដែលបានខិតខំអភិវឌ្ឍន៍តំបន់នេះឱ្យបន្តការរីកចម្រើន ជាមួយការកសាងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតឱ្យមានសួនសត្វភ្នំពេញសាហ្វារីនេះឡើង ខុសពីនៅអំឡុងទសវត្សរ៍ឆ្នាំ៩០ តំបន់នេះគ្រាន់តែជាកន្លែងប្រជាពលរដ្ឋដាំឪឡឹកតែប៉ុណ្ណោះ តែពេលក្រោយមក ត្រូវបានសម្តេចកាត់តំបន់នេះជាផ្ទៃដីរបស់រាជធានីភ្នំពេញ ទើបសម្ដេចបានលើកទឹកចិត្តឱ្យលោកឧកញ៉ា លី យ៉ុងផាត់ ខិតខំបន្តអភិវឌ្ឍន៍តំបន់នេះ ដើម្បីត្រៀមស្វាគមន៍គណៈប្រតិភូ ភ្ញៀវទេសចរ និងកីឡាករ-កីឡាការិនី ដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខផងដែរ៕