(កំពង់ធំ)​៖ សមាជិកថ្មីចំនួន​៧២៧នាក់ ក្នុងនោះអតីតសមាជិកគណបក្សប្រឆាំង ចំនួន៦២៨នាក់ នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានប្រកាសបញ្ចូល​ជា​សមាជិកគណបក្សប្រជាជន កម្ពុជា​ពេញសិទ្ធិ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក សុខ លូ ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

លោក សុខ លូ បានស្វាគមន៍ចំពោះសមាជិកអតីតគណបក្សប្រឆាំង និងសមាជិកថ្មី ទើបគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាកសាងប្រទេសជាតិឲ្យកាន់តែអភិវឌ្ឍន៍រីកចម្រើនថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

លោក សុខ លូ បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងបានលើកឡើងអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានជួយរំដោះប្រទេសជាតិ ឲ្យរួចផុតរបបប្រល័យពូជសាសន៍ ដោយបានដឹកនាំប្រទេសឲ្យមានការរីកចម្រើន ជាពិសេសអាចរក្សាបាននូវ ស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញទូទាំងប្រទេស ប្រជាពលរដ្ឋមានជីវភាពប្រសើរជាងមុន និងរស់នៅបានភាពសុខដុមរមនា។ ដូច្នេះ សូម​ប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សាការពារនូវ សុខសន្តិភាពនេះ ឲ្យយូរអង្វែងបន្តទៅទៀត ដើម្បីអនាគតកូនចៅយើង ព្រោះសុខសន្តិភាព​សំខាន់ណាស់ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ​។​

ជាមួយគ្នានោះ លោក សុខ លូ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ព្រមទាំងសមាជិកដែលទើបនឹងបញ្ចូលជាសមាជិកថ្មីនេះ ត្រូវរួបរួមគ្នា ដើម្បីកសាងប្រទេសឲ្យកាន់តែអភិវឌ្ឍន៍រីកចំរើន។

លោកបញ្ជាក់ថា បើខ្មែររួបរួមគ្នា នោះខ្មែរខ្លាំង ដូច្នេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងជួយពន្យល់ដល់បងប្អូនប្រជាពលរដ្ឋរបស់នៅតាមខ្នងផ្ទះ រាប់ទាំងសាច់ញាតិរបស់ខ្លួនផងដែរ ឲ្យបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០៕