(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្ដចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាខាបក្ស និងសមាជិកគណបក្ស ចំណុះគណកម្មាធិការគណបក្សប្រជាជន ស្រុកបន្ទាយអំពិល។
ក្រោយពីបានស្តាប់នូវរបាយការណ៍ ស្តីពីការចុះជួបសមាជិកបក្ស និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន របស់ក្រុមការងាររួចមក លោក គន់ គីម បានលើកសរសើរក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ដែលបានសហការគ្នាល្អធ្វើសកម្មភាពព្រមៗគ្នា សម្រេចភាកិច្ចបានល្អប្រសើរ។
ទន្ទឹមនេះលោក គន់ គីម ក៏បានក្រើនរំលឹកដល់ក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ត្រូវបន្តសកម្មភាពចុះជួបប្រជាពលរដ្ឋ ឲ្យគ្រប់គ្នា ដើម្បីខិតខំស្វែងយល់ពីការថ្នាំងថ្នាក់ និងបំណងប្រាថ្នារបស់ពួកគាត់ និងដោះស្រាយបញ្ហាជូនពួកគាត់ ពន្យល់គាត់ឲ្យយល់ពីគណបក្សប្រជាជននិងចូលរួមគាំទ្រគណបក្សប្រជាជន។
លោកក៏ណែនាំ ឲ្យសមាជិកត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាជន ពង្រឹកអំពើល្អរបស់ខ្លួនដើម្បីទាញសមានចិត្តពីប្រជាពលរដ្ឋ លុបបំបាត់ភាពអសកម្ម និងអំពើទាំងឡាយណាដែលនាំឲ្យប្រជាពលរដ្ឋបាត់ជំនឿ ហើយក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ត្រូវបន្តការសាមគ្គី ឯកភាពគ្នាទាំងឆន្ទៈ និងសកម្មភាពបាញ់ឆ្ពោះទៅមូលដ្ឋាន ត្រៀមគ្រប់លក្ខណៈសម្បត្តិសម្រាប់បម្រើឲ្យយុទ្ធការឃោសនាបោះឆ្នោត នាពេលខាងមុខនេះ៕