(ភ្នំពេញ)៖ ប្រជាពលរដ្ឋចាស់ជរាងាយរងគ្រោះ ចំនួន៣៥គ្រួសារ មកពី៤ភូមិ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ បានទទួលអំណោយជាអង្ករ និងថវិកា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌ ​ដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។

ថ្លែងក្នុងឱកាសនោះ លោក ជា ពិសី បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋគ្រប់រូប គឺមិនត្រូវបានស្លាប់ដោយអត់បាយឡើយ លុះត្រាតែអាជ្ញាធរមិនទទួលបាន សេចក្ដីរាយការណ៍ណាមួយប៉ុណ្ណោះ ពីអាជ្ញាធរថ្នាក់មូលដ្ឋាន ​​ពីព្រោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្ដាំហើយផ្ដាំទៀត​​ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើប្រជាពលរដ្ឋក្រីក្រ​ ដោយមិនប្រកាន់ពូសសាស ពណ៌សម្បុរ ឬនិន្នាការឡើយ ឲ្យតែជាពលរដ្ឋរស់នៅលើទឹកដីខ្មែរ។

ជាមួយគ្នានោះ ​លោក ជា ពិសី ក៏បានផ្ដាំផ្ញើឲ្យ​ប្រជាពលរដ្ឋគ្រប់រូបមានវ័យ១៨ឆ្នាំឡើងទៅ ត្រូវបំពេញកាតកិច្ច ក្នុងការចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្ដដាខាងមុខ ដើម្បីទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ​បន្តទៀត​ និងដើម្បីមានឱកាសសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំប្រទេសកម្ពុជា។

នៅចំពោះមុខប្រជាពលរដ្ឋ លោក ជា ពិសី បានគូសបញ្ចាក់ថា នៅថ្ងៃទី២៩ ខែកក្ដដាខាងមុខនេះ​ ត្រូវនាំគ្នាទៅ​បោះឆ្នោតជូន «គណបក្សប្រជាជនកម្ពុជា» មានលេខរៀងទី២០ ជាលេខរៀងដ៏ល្អ​ងាយស្រួលចាំ, ស្រួលគិត, ស្រួលគូស ហើយក៏ជាលេខរៀងចុងក្រោយគេបំផុត មានរូបស្លាក​សញ្ញាគណបក្សប្រជាជនកម្ពុជា «ទេវតាបាចផ្កា» ជាពិសេសលេខរៀងទី២០ គឺប៉ះចំឆ្នាំខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា ក្រោមគោលនយោបាយ​ឈ្នះឈ្នះ ដឹកនាំ​​ដោយ​សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕