(ព្រះសីហនុ)៖ លោក ប៉ុល សារឿន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាលចុះជួយ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងមន្រី្តសុខាភិបាលទូទាំង ក្រុងព្រះសីហនុ សរុបរួមចំនួន ១,៣៣៩នាក់ ដើម្បីបង្ហាញសមាសភាព បេក្ខជនតំណាងរាស្ត្រមណ្ឌល ខេត្តព្រះសីហនុ នៃគណបក្សប្រជាជនកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។ ពិធីនេះ រៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ។
លោក សំរិទ្ធ ភុំ ប្រធានគណៈប្រចាំការ គណបក្សប្រជាជនកម្ពុជាខេត្ត បានឡើងប្រកាសណែនាំ បង្ហាញមុខបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ និងបម្រុងសម្រាប់ខេត្តព្រះសីហនុ ក្នុងនោះពេញសិទ្ធិចំនួន៣នាក់ គឺទី១៖ មានលោក ប៉ុល សារឿន, ទី២៖ លោក គឹម ស៊ីថន និងទី៣៖ លោក ចេវ គឹម ហេង ចំពោះបេក្ខជនបម្រុងមាន, ទី១៖ លោក នេន ម៉ាល័យ, ទី២៖ លោក តាក់ វណ្ណថា និងទី៣៖ លោក យស់ សុធា។
លោក ប៉ុល សារឿន បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងកិច្ចការពារឲ្យកាន់តែរឹងមាំនូវសន្តិភាព ដើម្បីបន្តអភិវឌ្ឍន៍ប្រទសជាតិ និងប្រឆាំងដាច់ខាតនូវបដិវត្តន៍ពណ៌។
លោកថា ក្នុងន័យនេះ យើងទាំងអស់គ្នា ត្រូវចូលរួមពូនជ្រុំជ្រោងទង់សន្តិភាព និងការពារឲ្យបានរឹងមាំ នូវមនុញ្ញផលដ៏មហាសាលនៃសន្តិភាព ដើម្បីការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរុងរឿង ត្រចះត្រចង់ថែមទៀត។
លោក ប៉ុល សារឿន បានបន្តថា ដើម្បីចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍ យើងទាំងអស់គ្នា ត្រូវគាំទ្រឲ្យបានខ្លាំងក្លា លើគោលនយោបាយជាយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ដែលមានកត្តា៤ចំណុច៖
ទី១៖ ត្រូវបន្តពង្រឹងជំនឿទុកចិត្ត ឲ្យកាន់តែខ្ពស់លើគោលនយោបាយបម្រើឲ្យប្រទេសជាតិ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចការពារសន្តិភាព និងប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌។
ទី២៖ ត្រូវបន្តគាំទ្រនូវគោលនយោបាយរបស់សម្តេតេជោ គឺកត្តាមនុស្ស ផ្លូវ ភ្លើង ទឹក ដើម្បីអភិវឌ្ឍប្រទេសជាតិ ដែលគោលនយោបាយនោះ ត្រូវបានប្រជាជនគាំទ្រយ៉ាងច្រើនកុះករ។
ទី៣៖ មានកម្លាំងប្រដាប់អាវុធការពារសន្តិភាព និងអធិបតេយ្យជាតិបានរឹងមាំ ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់។
ទី៤៖ មានគោលនយោបាយ កិច្ចការបរទេសច្បាស់លាស់ គឺស្មើសិទ្ធិ និងស្មើភាព ជាមួយបណ្តាប្រទេស ក្នុងតំបន់និងពិភពលោក។
ជាមួយគ្នានេះ ប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាលចុះជួយ ខេត្តព្រះសីហនុ រូបនេះ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នាផងដែរ៕