(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ ក្រុមការងារថ្នាក់ក្រសួង និងថ្នាក់ខេត្តនឹងរៀបចំពិធីចាប់ឆ្នោតយកដីឡូតិ៍ និងប្រគល់ថវិកាជូន ប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Suger Industry Co.,Ltd ដែលស្ថិតក្នុងស្រុកស្រែអំបិល និងស្រុកបូទុមសាគរ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានបញ្ជាក់ថា ការចាប់ឆ្នោតយកដីឡូតិ៍ និងថវិកា នឹងត្រូវរៀបចំនៅម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅវត្តជីខលើ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ទៀតថា ខ្លួននឹងរៀបចំកម្មវិធីដូចខាងក្រោម៖
១៖ បងប្អូនប្រជាពលរដ្ឋក្រុម ១៧០គ្រួសារ ដែលបានយល់ព្រមរួចហើយនោះ សូមអញ្ជើញមកចាប់ឆ្នោតយកដីឡូតិ៍ និងទទួលថវិកា។
២៖ បងប្អូនប្រជាពលរដ្ឋក្រុម៣១៧គ្រួសារ និងក្រុម៩៨គ្រួសារ សូមអញ្ជើញមកចាប់ឆ្នោតយកដីឡូតិ៍ និងទទួលថវិកា តាមការស្ម័គ្រចិត្ត៕