(ភ្នំពេញ)៖ ជនជាប់ចោទ គឹម សុខ ដែលចោទប្រកាន់គណបក្សប្រជាជនកម្ពុជា នៅពីក្រោយឃាតកម្មសម្លាប់លោកកែម ឡី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានតុលាការកំពូល សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដដែល ពោលគឺតុលាការបន្តកាត់ក្តីឱ្យ គឹម សុខ ជាប់ពន្ធនាគារ រយៈពេល១៨ខែ។
លោក គឹម សុខ បានជាប់ចោទពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ កំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃស។ លោកក៏នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយមេធាវីសម្តេចតេជោ ហ៊ុន សែន ដូចគ្នាគឺពាក់ព័ន្ធករណីដែលអ្នកវិភាគរូបនេះ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ៕