(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងអំពីគោលនយោបាយអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន។ សម្តេចបានលើកឡើងថា ក្នុងដំណាក់កាល CPP កាន់អំណាចនេះ រាជរដ្ឋាភិបាលគ្មានគោលនយោបាយណាមួយ យកពន្ធលើដីស្រែរបស់កសិករទេ ហើយទោះបីជា ពេលនេះរាជរដ្ឋាភិបាល កំពុងជំរុញដល់វិស័យឧស្សាហកម្មយ៉ាងក្តី ក៏មិនបានបោះបង់ចោលនូវការលើកកម្ពស់ វិស័យកសិកម្មម្តងណាឡើយ។
ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជិត៣ម៉ឺននាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សម័យដើមតាំងពីជំនាន់បារាំងឯងណោះ មិនមែនត្រឹមតែជំនាន់សង្គមរាស្រ្តនិយមទេ គឺបង្កើតការយកពន្ធដីនៅស្រុកខ្មែរនេះឯង អញ្ចឹងបានជាកសិករខ្មែរ នៅក្រាំងលាវ (ហៅភូមិតិរច្ឆាន) ដោយបារាំងធ្វើអ្វីមិនបាន ក៏ដាក់ឈ្មោះភូមិនេះជាភូមិតិរច្ឆានតែម្តង ប៉ុន្តែសម័យគណបក្សប្រជាជនគ្រប់គ្រងអំណាច គណបក្សប្រជាជន មិនទាន់បានយកដីស្រែពីកសិករណាមួយទេ»។
សម្តេចបានបន្តថា «ចំពោះវិស័យកសិកម្ម ដែលតាំងពីមុនរហូតដល់ពេលនេះ ហើយពេលទៅខាងមុខ នយោបាយឧស្សាហកម្មរបស់យើង ក៏សំដៅទៅរកការគាំទ្រនៅក្នុងកសិកម្ម នយោបាយកសិឧស្សាហកម្ម ក៏សំដៅធ្វើយ៉ាងម៉េចដោះស្រាយឱ្យកសិករយើងមានទីផ្សារ រកទីផ្សារឱ្យកសិកររបស់យើងទាំងក្នុងប្រទេស និងក្រៅប្រទេស»។
គោលនយោបាយកសិកម្ម គឺជានយោបាយអាទិភាពរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា ដើម្បីជំរុញវិស័យនេះ រាជរដ្ឋាភិបាល ក៏បានបណ្តុះបណ្តាលដល់កសិកររបស់កម្ពុជា ជាច្រើន ដោយរាប់ទាំងកម្មវិធីចិញ្ចឹមត្រី ចិញ្ចឹមសត្វ ផងដែរ។ ប៉ុន្តែដើម្បីភាពរីកចម្រើនទៅមុខទៀត កម្ពុជាត្រូវបន្ថែមគោលនយោបាយលើវិស័យអាទិភាពផ្សេងបន្តទៀត។
សម្តេចបានបញ្ជាក់ថា «ប្រទេសដែលធ្វើកសិកម្មសុទ្ធដូចអាពត មិនអាចធ្វើអ្នកមានបានទេ មិនអាចរីកលូតលាស់បានទេ ត្រូវផ្គុំគ្នានូវវិស័យទាំង៣ កសិកម្ម ឧស្សាហកម្ម និងវិស័យសេវា។ ប្រទេសយើងសេវារីកធំណាស់ នៅប្រទេសជឿនលឿន សេវានេះរីកធំ ដោយមានទាំងទេសចរ ធានាគារ លក់ដូរ ។ល។»៕