(ភ្នំពេញ)៖ ថ្លែងនៅមុខសមាជិក សមាជិកា អ្នកគាំទ្រប្រមាណជិត៦ម៉ឺននាក់ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិ បានមានប្រសាសន៍ នៅព្រឹកនេះថា អាណត្តិថ្មីនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងបើកប្រាក់ខែជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រៀងរាល់២សប្តាហ៍ម្តង។
ប្រមុខគណបក្សប្រជាជនកម្ពុជា ដ៏មានប្រជាប្រិយភាព បានមានប្រសាសន៍បែបនេះ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចបានបើកអង្គមិទ្ទិញ និងដឹកនាំបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយផ្ទាល់ក្រោមការចូលរួមពីសមាជិក សមាជិកា ជិត៦ម៉ឺននាក់ នៅសាលពិរពរណ៌កោះពេជ្រ រាជធានីភ្នំពេញ។
ប្រមុខគណបក្សប្រជាជនកម្ពុជា បានប្រសាសន៍យ៉ាងដូច្នេះថា៖ «តម្លើងបៀរវត្សមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ជារៀងរាល់ឆ្នាំ នឹងបង្កើនប្រាក់សោធន របស់និវត្តិជន និងអតីតយុទ្ធជនឱ្យមានកម្រិតជីវភាពកាន់តែប្រសើរឡើង។ «ដូចគ្នាកម្មករ និយោជិតវិស័យឯកជនដែរ នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជន ដោយមានខ្ញុំព្រះករុណា ខ្ញុំជានាយករដ្ឋមន្ត្រី នឹងរៀបចំបើកប្រាក់បៀរវត្ស ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រាក់សោធន ជូននិវត្តិជន និងអតីតយុទ្ធជនតាមប្រព័ន្ធធានាគារ ក្នុងរយៈពេល២សប្តាហ៍ម្តង»។
សម្តេចតេជោ បានបន្តថា កិច្ចការនេះជាជំហ៊ានសំខាន់មួយទៀតនៅក្នុងកិច្ចការកែទម្រង់ប្រព័ន្ធបៀរវត្សរបស់រាជរដ្ឋាភិបាល សំដៅធានាឱ្យមន្ត្រីរាជការគ្រប់ប្រភេទ ព្រមទាំងនិវត្តិជន និងអតីតយុទ្ធជន ទទួលបាននូវប្រាក់បៀរវត្ស និងប្រាក់សោធននិវត្តិ ដែលនឹងត្រូវបន្តបង្កើនឡើងជាលំដាប់ប្រកបដោយតម្លាភាព គ្រប់ចំនួន និងទៀងទាត់ហើយទាន់ពេលវេលា។
ទទ្ទឹមនឹងនេះ សម្តេចតេជោ ប្រធានគណបក្សប្រជាជន បានមានប្រសាសន៍បន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្តការបើកប្រាក់បៀរវត្ស និងប្រាក់សោធនក្នុងរយៈពេល ២សប្តាហ៍ម្តងនេះ ជូនដល់មន្ត្រីរាជការស៊ីវិល និវត្តិជន និងអតីតយុទ្ធជនជាមុន ដែលចាប់ផ្តើមនៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។ ដោយឡែកចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រាជរដ្ឋាភិបាល នឹងរៀបចំធ្វើការសិក្សា ដាក់ឱ្យអនុវត្តន៍ជាបន្តបន្ទាប់ទៅទៀត ដោយសារលក្ខណៈពិសេសនៃទីកន្លែងការងារដាច់ស្រយាលកងកម្លាំងប្រដាប់អាវុធ ដែលមិនទាន់មាន សេវាធានាគារនៅឡើយ។
ពាក់ព័ន្ធបញ្ហានេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា កាលពីអតីតកាលដោយសារស្ថានភាពប្រាក់ចំណូលរបស់ប្រទេសកម្ពុជាយើង មានចំណូលទាប សាច់ប្រាក់មិនគ្រប់គ្រាន់ការបើកប្រាក់បៀរវត្សពិតជាមិនទាន់ពេលវេលានោះទេ។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបានរដ្ឋជំពាក់ប្រាក់ខែ ក្នុងរយៈពេលមួយ ហើយក្នុងអាណត្តិទី៥នេះ រាជរដ្ឋាភិបាលបានបើកបៀរវត្ស នៅមុនដំណាច់ប្រាក់ខែ។
ប្រមុខគណបក្សប្រជាជនកម្ពុជា បានបន្ថែមយ៉ាងដូច្នេះថា៖ «នៅក្នុងបរិការនេះ រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានខ្ញុំព្រះករុណា ខ្ញុំជានាយករដ្ឋមន្ត្រី នឹងជំរុញកែលម្អថែមទៀត នូវការបើកប្រាក់ឈ្នួល ការងារប្រចាំខែ ជូនកម្មករ និយោជិត ដោយរៀបចំឱ្យបើក ក្នុងរយៈពេល២សប្តាហ៍ម្តង ដូចនៅបណ្តាលប្រទេសជឿនលឿន មួយចំនួននៅក្នុងតំបន់ ចាប់ពីឆ្នាំ២០១៩ទៅ ដើម្បីធានាឱ្យកម្មករ និយោជិតទាំងអស់ទទួលបាននូវប្រាក់ឈ្នួល ពលកម្មដែលនឹងត្រូវបន្តកើនឡើងជាបន្តបន្ទាប់ ក្នុងកម្រិតសមរម្យផង ហើយបើកប្រាក់ឈ្នួលពលកម្មនេះបានទៀងទាត់ និងទាន់ពេលសម្រាប់បម្រើសេចក្តីត្រូវការ និងការផ្គត់ផ្គង់របស់ខ្លួនផង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្រាប់នៅក្នុងវិស័យឯកជន យើងក៏សូមដាក់ចេញនូវការអនុញ្ញាត ឱ្យវិស័យឯកជនបើកប្រាក់បៀរវត្ស ចំនួន២សប្តាហ៍ម្តង ដូចគ្នាផងដែរ។ ការធ្វើបែបនេះ នឹងជួយសម្រួលដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាកម្មករ-កម្មការិនី របស់យើង បានទទួលយកប្រាក់បៀរវត្ស ជាមួយនឹងការបង្កើន ប្រាក់បៀរវត្ស ហើយរាជរដ្ឋាភិបាលមានសាច់ប្រាក់គ្រប់គ្រាន់ និងលទ្ធភាពគ្រប់គ្រាន់ សម្រាប់បើកបៀរវត្សឱ្យមន្ត្រីរាជការផងដែរ។ សង្ឃឹមថា វិស័យឯកជននឹងមានលទ្ធភាព គ្រប់គ្រាន់ដើម្បីដំណើរការនេះ ជូនដល់កម្មករ និយោជិតរបស់ខ្លួនផងដែរ៕