(ភ្នំពេញ)៖ ការជំរុញអភិវឌ្ឍន៍លើធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង គឺជាវិស័យអាទិភាពចំនួន៤ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញចាប់តាំងពីដឹកនាំប្រទេសក្រោយពេលវាយផ្តួលរំលំរបប ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បច្ចុប្បន្នប្រជាពលរដ្ឋស្ទើរតែទូទាំងប្រទេសទៅហើយមានអគ្គិសនីប្រើប្រាស់មិនមានការលំបាកប្រើចង្កៀង ចន្លុះដូចអំឡុងទសវត្សរ៍ឆ្នាំ៨០ ៩០ និង២០០០ទៀតនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏បានកំណត់ដែរថា នៅឆ្នាំ២០២០ នឹងតបណ្តាញអគ្គិសនីឲ្យចូលដល់គ្រប់ភូមិនៅទូទាំងប្រទេស។
បន្ថែមពីលើនេះបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងរៀបចំអនុវត្តកម្មវិធីកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០១៩ និង២០២០។
នៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ដើម្បីអនុវត្តកម្មវិធីបញ្ចុះតម្លៃអគ្គិសនីនេះ រដ្ឋត្រូវលះបង់ចំណូលពន្ធប្រមាណជិត ៤០លានដុល្លារក្នុងមួយឆ្នាំ។ សម្តេចតេជោ មានជំនឿថា គោលនយោបាយមួយនេះនឹងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជួយកម្ពុជាក្នុងការទាក់ទាញអ្នកវិនិយោគបរទេសផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ខ្ញុំសង្ឃឹមថា វិធានការជាក់ស្តែងនេះ មិនត្រឹមតែផ្តល់ការសម្រួលមួយកម្រិតថែមទៀតដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើងគ្រប់ស្រទាប់ជាន់ថ្នាក់ប៉ុណ្ណោះទេ តែក៏នឹងជួយលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជាថែមទៀតក្នុងការទាក់ទាញការវិនិយោគ និងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលនឹងរួមចំណែកយ៉ាងសំខាន់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ព្រមទាំងបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋយើង ពិសេសដល់ស្រទាប់យុវវ័យ»។
សម្តេចតេជោ ហ៊ុន សែន ដែលបានគ្រងតំណែងជានាយករដ្ឋមន្ត្រីប្រមាណ ៣៣ឆ្នាំមកហើយនោះក៏បានបញ្ជាក់ដែរថា ប្រសិនបើសម្តេចបន្តឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៦ សម្តេចនឹងបន្តជំរុញអភិវឌ្ឍប្រព័ន្ធស្រោចស្រព និងទឹកស្អាត បង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកនៅគ្រប់មូលដ្ឋាន។ បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូនគ្រប់ប្រភេទប្រកបដោយគុណភាព និងចីរភាព ពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ពីទីប្រជុំជនទៅគ្រប់ភូមិ កែលម្អផ្លូវជនបទពីផ្លូវដីទៅជាផ្លូវកៅស៊ូ ឬ ផ្លូវបេតុង៕