(ព្រះសីហនុ)៖ រហូតមកដល់រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២​០១៨នេះ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅបន្ដផ្អាកចរាចរណ៍ឆ្លងកាត់ ជាបណ្ដោះអាសន្ននៅឡើយ ដោយសារតែកម្ពស់ទឹកដែលហូរឆ្លងកាត់ស្ពានសំរោង និងនៅលើផ្លូវជាតិកម្ពស់ប្រមាណ១ម៉ែត្រ ហើយភ្លៀងកំពុងបន្ដធ្លាក់នៅឡើយ។ នេះជាការបញ្ជាក់រួមគ្នារបស់អ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា និងស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ។

លោក ចាន់ យុត្ថា បានបន្ថែមថា ភ្លៀងនៅបន្ដធ្លាក់ ហើយទឹកហូរកាត់ស្ពានសំរោង និងលើកកំណាត់ផ្លូវជាតិមានកម្ពស់ប្រមាណ១ម៉ែត្រ ដូច្នេះការធ្វើដំណើរឆ្លងកាត់ត្រូវផ្អាក់ជាបណ្ដោះអាសន្ន។ ទន្ទឹមគ្នានេះ ក្រសួងធនធានទឹក និងអាជ្ញាធរខេត្ត បាននិងកំពុងបន្ដតាមដានស្ថានភាពទឹកភ្លៀង និងជំនន់ទឹកភ្លៀងបន្ដទៀត ហើយជូនដំណឹងនៅពេលក្រោយ។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ក៏បានបញ្ជាក់ផងដែរថា កំណាត់ផ្លូវជាតិលេខ៤ ដែលទឹកហូរកាត់មានប្រហែង៥០០ ទៅ៦០០ម៉ែត្រ ត្រង់គីឡូម៉ែត្រលេខ១០៧ ដូច្នេះសមត្ថកិច្ច និងអាជ្ញាធរ បានឈរជើងនៅទីនោះ ដើម្បីផ្អាក់ការឆ្លងកាត់ធ្វើដំណើរជាបណ្ដោះអាសន្ន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក៏ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ​ និងការបញ្ចៀសចរាចរណ៍ដោយពង្រាងដោយធ្វើដំណើរ ទៅតាមផ្លូវជាតិលេខ៣ ក្នុងខេត្តកំពតវិញ ទាំងអ្នកទៅខេត្ដព្រះសីហនុ និងមកកាន់រាជធានីភ្នំពេញ។