(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានព្រមានដកហូតអាជ្ញាបណ្ណ ចំពោះគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទណា ដែលបន្ដ​សកម្មភាពដកយកអត្តសញ្ញាណបណ្ណ, សៀវភៅគ្រួសារ និងសៀវភៅស្នាក់ នៅសម្រាប់ធ្វើជារបស់ធានា លើការផ្ដល់ឥណទាន ជូនដល់សាធារណជន ព្រោះការធ្វើបែបនេះ​ជាការល្មើសច្បាប់។

សេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាព Fresh News ទទួលនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានឲ្យដឹងថា កន្លងមកធនាគារជាតិ បានជូនដំណឹងស្ដីពី ការហាមឃាត់ការទទួលយកអត្តសញ្ញាបណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្ដល់ឥណទាន ជាបន្ដបន្ទាប់ ពោលគឺចាប់ពីខែមីនា ឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្ដែរហូតមកដល់ពេលនេះ​ ធនាគារជាតិ នៅតែមើលឃើញថា នៅតែមានគ្រឹះស្ថានមួយចំនួន មិនបានអនុវត្តតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជានោះឡើយ។

ធនាគារជាតិនៃកម្ពុជា បានព្រមានថា «ក្នុងករណីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទណាមួយ នៅតែបន្ដសកម្មភាព​ និងមិន​យកចិត្តទុកដាក់អនុវត្ត តាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិ គ្រឹះស្ថានទាំងនោះ នឹងត្រូវទទួលរងទណ្ឌកម្មវិន័យធ្ងន់ធ្ងរ រហូតឈានដល់ការ​ដកហូត ​អាជ្ញាបណ្ណអាជីវកម្ម ស្របតាមមាត្រា៥២ និង៥៦ នៃច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាធរមាន»។

ធនាគារជាតិនៃកម្ពុជា ក៏បានស្នើសូមដល់សាធារណជន ប្រុងប្រយ័ត្ន និងចៀសវាងការប្រើប្រាស់ អត្តសញ្ញាបណ្ណ ឬសៀវ​ភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការខ្ចីឥណទាននានា៕