(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសុក្រនេះ បានអះអាងថា យោធារបស់ខ្លួនបានធ្វើតេស្ដបាញ់សាកល្បងប្រកបដោយជោគ ជ័យនូវប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏ថ្មីសន្លាងមួយ ចេញពីទីតាំងធ្វើតេស្ដនៅក្នុងប្រទេសកាហ្សាក់ស្ថាន។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី២០ ខែកក្កដា​ ឆ្នាំ២០១៨។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ប្រាប់សារព័ត៌មាន Krasnaya Zvezda ដូច្នេះថា៖​ «អង្គភាពមីស៊ីលការពារដែនអាកាសរបស់ កងទ័ពអាកាសរុស្ស៊ី បានបាញ់សាកល្បងដោយជោគជ័យ ប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើបចុងក្រោយបំផុតមួយនៅឯតំបន់ បាញ់សាកល្បង Sary Shagan ក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីពេលថ្មីៗនេះ»

គួរបញ្ជាក់ថា បើតាមមេបញ្ជាការរងកងទ័ពអាកាសរុស្ស៊ី លោក Andrei Prikhodko ប្រព័ន្ធមីស៊ីលការពារដែនអាកាសខាងលើ​ត្រូវ រចនាឡើងក្នុងគោលបំណងការពារទីក្រុងម៉ូស្គូ ប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់សត្រូវ ហើយវាក៏មានសមត្ថ ភាពខ្ពស់បញ្ជូនដំណឹងប្រកាសអាសន្នភ្លាមៗពីការវាយប្រហារជាយថាហេតុណាមួយផងដែរ៕